ព័ត៌មានអន្តរជាតិ

​ អេហ្ស៊ីប​ កំពុងស្វែងរកកិច្ចខិតខំប្រឹងប្រែង សម្របសម្រួល​ ដើម្បីបញ្ឈប់វិបត្តិ ក្នុងតំបន់ដែលកំពុងបន្តកើតមាន

គែរ៖​ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi បានថ្លែងទៅកាន់វិបត្តិមជ្ឈិមបូព៌ា​ ដែលកំពុងបន្តកើតមាន ដែលបង្កឡើងដោយការវាយប្រហារ របស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល​ លើអ៊ីរ៉ង់ ដោយកត់សម្គាល់ថា អេហ្ស៊ីប​ កំពុងបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល​ ដើម្បីបញ្ឈប់សង្គ្រាម។

ក្នុងពិធីមួយដែលរៀបចំដោយបណ្ឌិតសភាយោធាអេហ្ស៊ីប ប្រធានាធិបតីអេហ្ស៊ីបបាននិយាយថា សង្គ្រាមនេះឆ្លុះបញ្ចាំងពីការគណនាខុស និងការវិនិច្ឆ័យខុស។

លោកបានកត់សម្គាល់ថា អេហ្ស៊ីប​ បានប្រឈមមុខនឹងកាលៈទេសៈលំបាកៗ ជាច្រើន បញ្ហាប្រឈម និងការញុះញង់ជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែបានអនុវត្ត “ការអត់ធ្មត់យ៉ាងខ្លាំង” នៅចំពោះមុខការចោទប្រកាន់ និងការឃុបឃិតគ្នា។

លោក Sisi បានបន្ថែមថា ការអត់ធ្មត់នេះ បានបង្ហាញថាទទួលបានជោគជ័យ និងមានប្រសិទ្ធភាព ហើយត្រូវបានអនុវត្តនៅក្នុងការដោះស្រាយ របស់អេហ្ស៊ីបជាមួយប្រទេសមួយចំនួន។

លោកបានព្រមានថា វិបត្តិបច្ចុប្បន្នអាចប៉ះពាល់ដល់តម្លៃ ហើយបានព្រមានកុំឱ្យកេងប្រវ័ញ្ចស្ថានភាពនេះដើម្បីបង្កើន ឬរៀបចំតម្លៃទាំងនោះ ដោយសង្កត់ធ្ងន់ថា ប្រទេសអេហ្ស៊ីបកំពុងស្ថិតក្នុងស្ថានភាពអាសន្ន ហើយតម្រូវការសំខាន់ៗរបស់ប្រជាជនមិនត្រូវរងការសម្របសម្រួលឡើយ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top