រុស្ស៊ីកំពុងគាំទ្រ អ៊ីរ៉ង់ក្នុងសង្គ្រាមជាមួយ អាមេរិក-អ៊ីស្រាអែល តាមរយៈការចែករំលែកព័ត៌មានយោធា
បរទេស៖ រុស្ស៊ីបានចូលរួម ក្នុងសង្គ្រាមរវាងសម្ព័ន្ធមិត្តអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ទោះបីជាដោយប្រយោលក៏ដោយ។ យោងតាមរបាយការណ៍ របស់កាសែត Washington Post គឺរុស្ស៊ីកំពុងផ្តល់ព័ត៌មានស៊ើបការណ៍សម្ងាត់ដល់សម្ព័ន្ធមិត្តយុទ្ធសាស្ត្ររបស់ខ្លួនគឺអ៊ីរ៉ង់ ដើម្បីជួយវាយប្រហារនាវាចម្បាំង និងយន្តហោះ របស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា។
យោងតាមសារព័ត៌មាន NDTV ចេញផ្សាយ នៅយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ថា វិសាលភាពនៃការគាំទ្ររបស់រុស្ស៊ី ចំពោះអ៊ីរ៉ង់មិនទាន់ច្បាស់លាស់ទាំងស្រុងនោះទេ ប៉ុន្តែសមត្ថភាពរបស់យោធាអ៊ីរ៉ង់ ក្នុងការកំណត់ទីតាំងកងកម្លាំងអាមេរិក ត្រូវបានធ្លាក់ចុះចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារ ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ កាលពីសប្តាហ៍មុន។
កងទ័ពអាមេរិកចំនួន ប្រាំមួយនាក់ត្រូវបានសម្លាប់ និង ១៨ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ នៅប្រទេសគុយវ៉ែត។ យន្តហោះគ្មានមនុស្សបើក បានវាយប្រហារមជ្ឈមណ្ឌលបញ្ជាការមួយនៅ Port Shuaiba បន្ទាប់ពីរំលងការការពារដែនអាកាសក្នុងតំបន់។
អ្នកជំនាញខាងយោធារុស្ស៊ីនៅ Carnegie Endowment for International Peace បានប្រាប់កាសែត Postថា អ៊ីរ៉ង់កំពុង “វាយប្រហារយ៉ាងច្បាស់លាស់លើរ៉ាដាព្រមានដំបូង ឬរ៉ាដាពីលើផ្តេក។
អ្នកជំនាញបាននិយាយថា អ៊ីរ៉ង់មានផ្កាយរណបកម្រិតយោធាតែមួយចំនួនតូចប៉ុណ្ណោះ ហើយគ្មានក្រុមផ្កាយរណបផ្ទាល់ខ្លួនទេ ហើយសមត្ថភាពអវកាសទំនើបរបស់រុស្ស៊ីកំពុងបង្ហាញថាមានប្រយោជន៍។
ប្រែសម្រួលៈ ណៃ តុលា
