ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់អះអាងថា បានធ្វើការវាយប្រហារចំគោលដៅជាច្រើនរបស់អាមេរិក និងអ៊ីស្រាអែល

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃសុក្រ ថាពួកគេបានវាយប្រហារគោលដៅរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅទូទាំងតំបន់ខណៈដែលកងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនកំពុងស្ទាក់ចាប់ការបាញ់មីស៊ីល មួយផ្សេងទៀតពីប្រទេសអ៊ីរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពអ៊ីរ៉ង់បាននិយាយថា កម្លាំងជើងគោករបស់ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកក្នុងប្រទេសគុយវ៉ែត ជាមួយនឹងយន្តហោះគ្មានមនុស្សបើកជាច្រើន ដោយបានប្តេជ្ញាថា ការវាយប្រហារនឹងបន្តនៅប៉ុន្មានម៉ោងខាងមុខនេះ។

ទន្ទឹមនឹងនេះ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា ខ្លួនបានបាញ់បង្ហោះមីស៊ីលជាច្រើនដូចជា Khorramshahr-4, Kheibar និង Fattah ឆ្ពោះទៅរកគោលដៅរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅក្នុងការវាយប្រហារលើកទី២២ របស់ខ្លួន នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើបណ្តាញព័ត៌មានផ្លូវការរបស់ខ្លួន Sepah News ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀត IRGC បាននិយាយនៅក្នុងរលកចុងក្រោយនេះ មីស៊ីល Khorramshahr-4 បានផ្ទុកក្បាលគ្រាប់ទម្ងន់២តោន ហើយបានវាយប្រហារគោលដៅដែលមានល្បឿនលើសពី Mach 14 ។

IRGC បានរាយបញ្ជីគោលដៅជាមូលដ្ឋានទ័ពអាមេរិកក្នុងបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាទីក្រុង Tel Aviv អាកាសយានដ្ឋាន Ben Gurion និងមជ្ឈមណ្ឌលយោធានៅ Haifa ៕

ប្រែសម្រួល៖ស៊ុនលី

To Top