ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់តែងតែលោក Mojtaba Khamenei ជាមេដឹកនាំកំពូលរបស់ប្រទេសជាផ្លូវការ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Mojtaba Khamenei កូនប្រុសរបស់អតីត មេដឹកនាំកំពូលលោក Ayatollah Ali Khamenei ត្រូវបានតែងតាំងជាអ្នកស្នងតំណែងជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ជាផ្លូវការហើយ។

លោក Ali Khamenei បានដឹកនាំប្រទេសអ៊ីរ៉ង់តាំងពីឆ្នាំ១៩៨៩ រហូតដល់ការស្លាប់របស់គាត់ក្នុងអំឡុងពេល នៃការបើកការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលលើទីក្រុងតេហរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ។

សភាអ្នកជំនាញរបស់ប្រទេសអ៊ីរ៉ង់ ដែលមានភារកិច្ចពិនិត្យ និងជ្រើសរើសមេដឹកនាំកំពូល បានប្រកាសកាលពីថ្ងៃចន្ទថាលោក Mojtaba Khamenei ត្រូវបានជ្រើសរើសបន្ទាប់ពី ការពិចារណាច្បាស់លាស់ និងទូលំទូលាយ។

សភាបានអំពាវនាវឱ្យ ប្រជាជាតិដ៏ថ្លៃថ្នូរបស់អ៊ីរ៉ង់ ជាពិសេសឥស្សរជន និងបញ្ញវន្តនៃថ្នាក់សិក្ខាសាលា និងសាកលវិទ្យាល័យនានា សន្យាភក្ដីភាពដល់មេដឹកនាំថ្មីដែលបំពេញភារកិច្ច ក្នុងការជំរុញប្រព័ន្ធរដ្ឋាភិបាលឥស្លាមដែលបានជំនួសរបបសា Shah បន្ទាប់ពីបដិវត្តន៍ឆ្នាំ១៩៧៩ ។

កើតនៅឆ្នាំ១៩៦៩ លោក Mojtaba គឺជាកូនទីពីរក្នុងចំណោមកូនទាំង ៦នាក់របស់លោក Ali Khamenei ។ កាលនៅក្មេង គាត់បានប្រយុទ្ធជាអ្នកស្ម័គ្រចិត្ដកំឡុងសង្គ្រាមអ៊ីរ៉ង់-អ៊ីរ៉ាក់ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ហើយក្រោយមកបានសិក្សាសាសនានៅទីក្រុង Qom ដែលជាទីក្រុងដ៏ពិសិដ្ឋបំផុតមួយរបស់ប្រទេសអ៊ីរ៉ង់ និងជាមជ្ឈមណ្ឌលដ៏សំខាន់នៃទ្រឹស្ដី Shia ។

ប្អូនស្រីរបស់លោក Mojtaba និងសាច់ញាតិជាច្រើននាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដូចគ្នាដែលបានសម្លាប់ឪពុករបស់គាត់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top