ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង និងអាមេរិក ចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ដែលបង្កើនភាពតានតឹងក្នុងតំបន់

សេអ៊ូល៖​ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ដែលបង្កើនភាពតានតឹងក្នុងតំបន់ ចំពេលមានការព្រួយបារម្ភពីប្រទេសជិតខាង។

យោងតាមអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា សមយុទ្ធសង្គ្រាមនិទាឃរដូវប្រចាំឆ្នាំ ដែលមានឈ្មោះថា Freedom Shield (FS) នឹងបន្តរយៈពេល ១១ថ្ងៃ រហូតដល់ថ្ងៃទី១៩​ ខែមីនា។

ក្នុងអំឡុងពេលសមយុទ្ធនេះ សមយុទ្ធហ្វឹកហ្វឺនវាលចំនួន ២២​ ដែលពាក់ព័ន្ធនឹងសមយុទ្ធកងទ័ពពិតប្រាកដនឹងត្រូវធ្វើឡើង​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ចំនួនសមយុទ្ធហ្វឹកហ្វឺនវាលត្រូវបានកាត់បន្ថយមកត្រឹមតិចជាងពាក់កណ្តាល បើប្រៀបធៀបទៅនឹងសមយុទ្ធ FS កាលពីខែមីនា ឆ្នាំមុន ដែលឆ្លុះបញ្ចាំងពីជំហររបស់រដ្ឋាភិបាលលើការបំបែកសមយុទ្ធបែបនេះពេញមួយឆ្នាំ។

ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានទទូចថា សមយុទ្ធរួមគ្នានេះមានលក្ខណៈការពារ ប៉ុន្តែសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បានថ្កោលទោសវាថាជាការហាត់សមសម្រាប់ការឈ្លានពានទៅភាគខាងជើង៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top