អ៊ីស្រាអែល គំរាមសម្លាប់ មេដឹកនាំកំពូលថ្មី របស់អ៊ីរ៉ង់
បរទេស៖ កងកម្លាំងការពារ អ៊ីស្រាអែល (IDF) បានគំរាមធ្វើឃាតអ្នកណាដែលជំនួសលោក Ayatollah Ali Khamenei ជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ដែលត្រូវបានសម្លាប់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ថា លោក Khamenei និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ជាច្រើនរូបទៀតត្រូវបានសម្លាប់នៅក្នុងរលកដំបូង នៃការវាយប្រហារតាមអាកាស របស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលដែលបានធ្វើឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ។ បន្ទាប់ពីការពិភាក្សាមួយសប្តាហ៍ ក្រុមប្រឹក្សាអ្នកជំនាញ ដែលជាក្រុមបព្វជិតដែលមានភារកិច្ចពិនិត្យ និងជ្រើសរើសមេដឹកនាំកំពូលថ្មី បានប្រកាសនៅថ្ងៃចន្ទថា កូនប្រុសរបស់លោក Khamenei គឺលោក Mojtaba ត្រូវបានជ្រើសរើសឱ្យឡើងជំនួស Ayatollah Ali Khamenei ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះទៅកាន់គណនី Farsi របស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ប៉ុន្មានម៉ោងមុនពេលសភា ប្រកាសពីការសម្រេចចិត្តរបស់ខ្លួន កងទ័ពអ៊ីស្រាអែលបានចេញការព្រមានដល់សមាជិករបស់ខ្លួន។
កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា “ដៃរបស់រដ្ឋអ៊ីស្រាអែលនឹងបន្តដេញតាមអ្នកស្នងតំណែងគ្រប់រូប និងមនុស្សគ្រប់រូបដែល ពាក់ព័ន្ធនឹងការតែងតាំងរបស់គាត់” ដោយបន្ថែមថាខ្លួន “នឹងមិនស្ទាក់ស្ទើរក្នុងការកំណត់គោលដៅ” បព្វជិតដែលចូលរួមកិច្ចប្រជុំរបស់សភានោះទេ។
កាលពីសប្តាហ៍មុន អ៊ីស្រាអែល បានវាយប្រហារទីស្នាក់ការកណ្តាលរបស់សភានៅទីក្រុង Qom ប្រទេសអ៊ីរ៉ង់ ប៉ុន្តែការវាយប្រហារនេះ បានបរាជ័យក្នុងការរារាំងការជ្រើសរើសមេដឹកនាំថ្មីនោះទេ។ លោក Ali Larijani មន្ត្រីសន្តិសុខជាន់ខ្ពស់របស់អ៊ីរ៉ង់ បាននិយាយថា ការតែងតាំងលោក Mojtaba Khamenei បង្ហាញថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបរាជ័យក្នុងការប្រើការស្លាប់របស់លោក Ali Khamenei ដើម្បីសាបព្រោះភាពវឹកវរនៅក្នុងប្រទេស។
ប្រធានាធិបតីអាមេរិក លោក Donald Trump និង នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu សុទ្ធតែបានលើកឡើង ពីការផ្លាស់ប្តូររបបថា ជាគោលដៅសង្គ្រាមមួយរបស់ពួកគេ៕
ប្រែសម្រួលៈ ណៃ តុលា
