ព័ត៌មានអន្តរជាតិ

តម្លៃប្រេងឡើងលើសពី ១១៥ ដុល្លារក្នុងមួយបារ៉ែល ក្នុងពេលដែលសង្គ្រាមអ៊ីរ៉ង់ គំរាមកំហែងដល់ផលិតកម្ម និងការដឹកជញ្ជូន

បរទេស៖ តម្លៃប្រេងបានឡើងលើសពី ១១៥ ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃចន្ទ ខណៈដែលសង្គ្រាមអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរឡើង ដែលគំរាមកំហែងដល់ការផលិត និងការដឹកជញ្ជូននៅមជ្ឈិមបូព៌ា។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ថា តម្លៃប្រេងឆៅប្រភេទ Brent មួយបារ៉ែល ដែលជាស្តង់ដារអន្តរជាតិ បានកើនឡើងដល់ ១១៥,៣១ ដុល្លារ កើនឡើង ២៤% ពីតម្លៃបិទកាលពីថ្ងៃសុក្រ ត្រឹម ៩២,៦៩ ដុល្លារ។

ប្រេងឆៅប្រភេទ West Texas Intermediate ដែលផលិតនៅសហរដ្ឋអាមេរិក កំពុងលក់ក្នុងតម្លៃ ១១៦,៣៣ ដុល្លារក្នុងមួយបារ៉ែល។ នោះគឺខ្ពស់ជាង ២៨% ធៀបនឹងតម្លៃបិទនៅថ្ងៃសុក្រដែលមានតម្លៃ ៩០,៩០ ដុល្លារ។

ការកើនឡើងនេះបានកើតឡើងបន្ទាប់ពីតម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិកកើនឡើង ៣៦% និងប្រេងឆៅប្រភេទ Brent កើនឡើង ២៨% កាលពីសប្តាហ៍មុន។ តម្លៃប្រេងបានកើនឡើង ខណៈដែលសង្គ្រាម ដែលឥឡូវនេះស្ថិតនៅក្នុងសប្តាហ៍ទីពីរ បានធ្វើឱ្យប្រទេស និងទីកន្លែងដែលមានសារៈសំខាន់ចំពោះការផលិត និងចលនាប្រេង និងឧស្ម័នពីឈូងសមុទ្រពែក្សជាប់គាំង។

យោងតាមក្រុមហ៊ុនស្រាវជ្រាវឯករាជ្យ Rystad Energy ប្រេងឆៅប្រហែល ១៥ លានបារ៉ែល — ប្រហែល ២០% នៃប្រេងរបស់ពិភពលោក — ជាធម្មតាត្រូវបានដឹកជញ្ជូន ជារៀងរាល់ថ្ងៃឆ្លងកាត់ច្រកសមុទ្រ Hormuz។ ការគំរាមកំហែងនៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្ស បើករបស់អ៊ីរ៉ង់ស្ទើរតែបានបញ្ឈប់កប៉ាល់ដឹកប្រេងពីការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ ដែលមានព្រំប្រទល់ ជាប់នឹងភាគខាងជើងជាមួយអ៊ីរ៉ង់ ដែលដឹកជញ្ជូនប្រេង និងឧស្ម័នពីអារ៉ាប៊ីសាអូឌីត គុយវ៉ែត អ៊ីរ៉ាក់ កាតា បារ៉ែន អារ៉ាប់រួម និងអ៊ីរ៉ង់៕
ប្រែសម្រួលៈ ណៃ តុលា

To Top