ព័ត៌មានអន្តរជាតិ

ការលក់របស់រថយន្ត Tesla នៅអង់គ្លេសធ្លាក់ចុះ ៣៧% ដោយសារការកើនឡើង ការប្រកួតប្រជែង រថយន្តអគ្គិសនីរបស់ចិន

បរទេស៖ យោងតាមទិន្នន័យ របស់សមាគមអ្នកផលិត និងពាណិជ្ជកររថយន្ត (SMMT) បានឱ្យដឹងថា ការចុះបញ្ជីរថយន្ត Tesla នៅចក្រភពអង់គ្លេស បានថយចុះ ៣៧ភាគរយ មកត្រឹម ២.៤២២ គ្រឿងក្នុងខែកុម្ភៈ ដោយពីមុន គឺចំនួន ៣.៨៥២ គ្រឿងក្នុងខែដូចគ្នាកាលពីឆ្នាំមុន។

យោងតាមគេហទំព័រ Yahoo Finance បានឱ្យដឹងកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ថា ការថយចុះនេះកើតឡើងនៅពេលដែលក្រុមហ៊ុនរថយន្ត EV របស់ចិន ជាពិសេស BYD (BYDDF, Financials) មានការរីកចម្រើននៅអឺរ៉ុប។ ទោះបីជា Tesla លក់រថយន្តបានច្រើនជាង ម៉ាក BYD នៅចក្រភពអង់គ្លេសក្នុងខែកុម្ភៈក៏ដោយ ក៏ក្រុមហ៊ុនផលិតរថយន្តចិនបានឃើញកំណើនយ៉ាងខ្លាំង ដោយសារតែតម្រូវការរថយន្តអគ្គិសនី។

ទោះបីជាទាបជាង Tesla ក៏ដោយ ការលក់ BYD នៅចក្រភពអង់គ្លេសបានកើនឡើង ៨៣ភាគរយ ធៀបនឹងឆ្នាំមុន នេះបើយោងតាមស្ថិតិរបស់ SMMT។ ទោះបីជាការធ្លាក់ចុះរបស់ Tesla ក៏ដោយ ការលក់រថយន្តនៅចក្រភពអង់គ្លេស បានកើនឡើង។ នៅពេលដែលតម្រូវការលក់ រាយឯកជនមានភាពប្រសើរឡើង ការចុះបញ្ជីរថយន្តថ្មី នៅខែកុម្ភៈបានកើនឡើង ៧,២ភាគរយ ដល់ ៩០.១០០ គ្រឿង ដែលជាលទ្ធផលធំបំផុត ចាប់តាំងពីឆ្នាំ ២០០៤។

ក្រុមហ៊ុន Tesla បានអះអាងថា ទិន្នន័យចុះបញ្ជីប្រចាំខែមិន ឆ្លុះបញ្ចាំងពីការលក់បានត្រឹមត្រូវទេ ដោយសារតែរថយន្តត្រូវបានផ្គត់ផ្គង់ ទៅចក្រភពអង់គ្លេសជាបរិមាណផ្សេងគ្នា ពីកន្លែងផលិតរបស់ខ្លួន ។ ការបញ្ជាទិញ និងការកក់ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះបានកើនឡើងលើសពីឆ្នាំ ២០២៤ និង ២០២៥ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top