ក្រុមប្រទេស G7 ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការបញ្ចេញប្រេងបម្រុងរួមគ្នា ដោះស្រាយការកើនឡើងនៃតម្លៃប្រេង ចំពេលមានជម្លោះនៅមជ្ឈិមបូព៌ា
បរទេស៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ មកពីក្រុមប្រទេសឧស្សាហកម្មធំៗទាំងប្រាំពីរ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដោយសន្យាថា នឹងដោះស្រាយការកើនឡើង នៃតម្លៃប្រេងឆៅ ចំពេលមានជម្លោះជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន THE JAPAN TIMES ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ G7 បាននិយាយបន្ទាប់ពីពិភាក្សា អំពីស្ថានភាពតានតឹងនៅមជ្ឈិមបូព៌ានៅក្នុងកិច្ចប្រជុំបន្ទាន់តាមអ៊ីនធឺណិតថា “យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការចាំបាច់ រួមទាំងការគាំទ្រ ដល់ការផ្គត់ផ្គង់ថាមពលសកល ដូចជាការបញ្ចេញស្តុកប្រេង”។
ការបញ្ចេញទុនបម្រុងប្រេងរួមគ្នា ប្រសិនបើត្រូវបានអនុវត្ត វានឹងជាលើកដំបូងក្នុងរយៈពេលប្រហែលបួនឆ្នាំចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ ២០២២។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Satsuki Katayama បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងតូក្យូបន្ទាប់ពីកិច្ចប្រជុំថា “វាជាសមិទ្ធផលដ៏អស្ចារ្យមួយ ដែលយើងបានយល់ព្រមចាត់វិធានការចាំបាច់”។
ចំណែកនាយកប្រតិបត្តិទីភ្នាក់ងារ ថាមពលអន្តរជាតិ Fatih Birol ដែលបានចូលរួមក្នុងកិច្ចប្រជុំ G7 បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង ជាបន្ទាន់ដើម្បីបញ្ចេញទុនបម្រុងប្រេងផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
