ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំពេញអង្គលើកទី ២ នៃកិច្ចប្រជុំលើកទី ៤ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ ត្រូវបានធ្វើឡើង លោក Xi Jinping ប្រធានរដ្ឋចិន និងថ្នាក់ដឹកនាំដទៃទៀតអញ្ជើញចូលរួម

កិច្ចប្រជុំលើកទី៤ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ (NPC)បានបើកកិច្ចប្រជុំពេញអង្គលើកទី ២ នាព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២៦ នៅវិមានសភាប្រជាជនក្នុងទីក្រុងប៉េកាំង ដោយបានស្តាប់ និងពិនិត្យពិភាក្សារបាយការណ៍ការងាររបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន, តុលាការប្រជាជនកំពូល និងសាលាអយ្យការប្រជាជនកំពូល ព្រមទាំងពិនិត្យពិភាក្សារបាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនស្តីពីការងារពិនិត្យច្បាប់ និងរបាយការណ៍ស្តីពីការដោះស្រាយច្បាប់និងការសម្រេចចិត្តពាក់ព័ន្ធនានា។

ដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានធ្វើរបាយការណ៍ការងារទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។

នៅក្នុងរបាយការណ៍ លោក Zhao Leji បានចង្អុលបង្ហាញថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏រឹងមាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោក Xi Jinping ជាប្រមុខស្នូល គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានប្រកាន់ខ្ជាប់ការយកគំនិតរបស់លោក Xi Jinping ស្តីពីសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីជាគោលការណ៍ណែនាំ សម្រេចបាននូវវឌ្ឍនភាព និងសមិទ្ធផលថ្មីៗក្នុងគ្រប់កិច្ចការ។

វឌ្ឍនភាព និងសមិទ្ធផលទាំងនេះរួមមាន៖
ទីមួយ ពង្រឹងការអនុវត្ត និងការត្រួតពិនិត្យរដ្ឋធម្មនុញ្ញ ដើម្បីគាំពារឯកភាពនៃនីតិរដ្ឋរបស់ប្រទេសជាតិ។
ទីពីរ ពង្រឹងការងារនីតិបញ្ញត្តិ ដើម្បីគាំទ្រនិងធានាដល់ការកែទម្រង់ និងការអភិវឌ្ឍដោយការងារនីតិបញ្ញត្តិដែលមានគុណភាពខ្ពស់។
ទីបី បំពេញភារកិច្ចរបស់ខ្លួនក្នុងការត្រួតពិនិត្យ ដើម្បីដើរតួនាទីយ៉ាងពេញលេញរបស់ NPC ក្នុងប្រព័ន្ធត្រួតពិនិត្យរបស់បក្ស និងរដ្ឋ។
ទីបួន ពង្រឹង និងពង្រីកការងាររបស់តំណាងរាស្ត្រ ដើម្បីដើរតួនាទីរបស់ខ្លួនបានកាន់តែប្រសើរ។
ទីប្រាំ ប្រើប្រាស់វិសាលភាពរបស់ NPC ក្នុងកិច្ចការបរទេស ដើម្បីផ្តល់ការគាំទ្រដល់យុទ្ធសាស្ត្រការទូតជាតិ
ទីប្រាំមួយ ពង្រឹងការកសាងសមត្ថភាពរបស់ខ្លួនដោយគ្រប់ជ្រុងជ្រោយ និងលើកកម្ពស់សមត្ថភាពនិងកម្រិតនៃការអនុវត្តភារកិច្ចរបស់ខ្លួនតាមផ្លូវច្បាប់ជាបន្តបន្ទាប់៕

To Top