ព័ត៌មានអន្តរជាតិ

ប្រទេសឡាវ កាត់បន្ថយថ្ងៃរៀនទាំងរដ្ឋ និងឯកជន នៅទូទាំងប្រទេស ពី៥ថ្ងៃមកត្រឹម៣ថ្ងៃ អំឡុងពេលខ្វះប្រេងឥន្ធនៈ

បរទេស៖ ប្រទេសឡាវបានកាត់បន្ថយសប្តាហ៍សិក្សាជាបណ្តោះអាសន្នពី៥ ថ្ងៃមកត្រឹម៣ថ្ងៃ ខណៈដែលរដ្ឋាភិបាលកំពុងចាត់វិធានការ ដើម្បីបន្ធូរបន្ថយសម្ពាធលើគ្រួសារ និងបណ្តាញដឹកជញ្ជូន ចំពេលមានការខ្វះខាត ប្រេងឥន្ធនៈជាបន្តបន្ទាប់។

យោងតាមសារព័ត៌មាន Laotian Times ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ថា ការិយាល័យនាយករដ្ឋមន្ត្រីបានអនុម័តវិធានការនេះនៅថ្ងៃទី១៩ ខែមីនា បន្ទាប់ពីសំណើ របស់ក្រសួងអប់រំ និងកីឡា ។ សាលារៀនសាធារណៈ និងឯកជនទាំងអស់ទូទាំង ប្រទេសត្រូវបានតម្រូវ ឱ្យកែសម្រួលកាលវិភាគជាបន្ទាន់ ដោយគោលនយោបាយនេះ នៅតែមានប្រសិទ្ធភាពរហូតដល់មានការជូនដំណឹងបន្ថែម។

ក្រោមការរៀបចំថ្មីនេះ គឺសាលារៀន មត្តេយ្យសិក្សា និងអប់រំទូទៅនឹងបើកថ្នាក់រៀនដោយផ្ទាល់បីថ្ងៃក្នុងមួយសប្តាហ៍។ ពីរថ្ងៃដែលនៅសល់នឹងជាថ្ងៃ មិនបង្រៀន ទោះបីជាសាលារៀននៅតែត្រូវបំពេញ កម្មវិធីសិក្សាពេញលេញក៏ដោយ ដោយប្រតិទិនសិក្សាត្រូវបានពង្រីកប្រសិន បើចាំបាច់ដើម្បីបំពេញពេលវេលាដែលបាត់បង់។

ស្ថាប័នវិជ្ជាជីវៈ និងសាកលវិទ្យាល័យ ក៏នឹងផ្លាស់ប្តូរទៅបីថ្ងៃបង្រៀនក្នុងមួយសប្តាហ៍ដែរ ប៉ុន្តែមានវគ្គពេញមួយថ្ងៃ ដែលគ្របដណ្តប់ទាំងពេលព្រឹក និងពេលរសៀល។ គ្រូបង្រៀនដែលមិនមានថ្នាក់រៀន តាមកាលវិភាគនៅថ្ងៃជាក់លាក់ណាមួយ នឹងប្តូរវេនគ្នាដើម្បីបន្តបំពេញកាតព្វកិច្ច៕
ប្រែសម្រួលៈ ណៃ តុលា

To Top