ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បន្តវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ទៅលើរោងចក្រចម្រាញ់ប្រេង របស់គុយវ៉ែត ២ថ្ងៃជាប់ៗគ្នា

បរទេស៖ ប្រទេសគុយវ៉ែតបាននិយាយនៅថ្ងៃសុក្រនេះថា រោងចក្រចម្រាញ់ប្រេង Mina Al-Ahmadi របស់ខ្លួនត្រូវបានវាយប្រហារម្តងទៀតដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដែលបានបង្កឱ្យមានភ្លើងឆាបឆេះនៅក្នុងអង្គភាពជាច្រើនរបស់ខ្លួន។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ថា រោងចក្រចម្រាញ់ប្រេងនេះត្រូវបានវាយប្រហារម្តងហើយកាលពីថ្ងៃព្រហស្បតិ៍ ដែលបង្កឱ្យមានអគ្គីភ័យ។

ប្រទេសគុយវ៉ែតបាននិយាយថា ក្រុមអ្នកពន្លត់អគ្គីភ័យនៅថ្ងៃសុក្រកំពុងព្យាយាមគ្រប់គ្រងអណ្តាតភ្លើង ហើយមិនមានអ្នករងរបួសភ្លាមៗពីការវាយប្រហារនោះទេ។

ការវាយប្រហាររបស់អ៊ីរ៉ង់បានកើតឡើងនៅពេលដែលប្រទេសគុយវ៉ែតបានប្រារព្ធពិធីបុណ្យ Eid al-Fitr ដែលជាពិធីបុណ្យដែលសម្គាល់ចុងបញ្ចប់នៃខែតមអាហារដ៏ពិសិដ្ឋរបស់មូស្លីមនៃខែរ៉ាម៉ាដាន។

ការវាយប្រហារនៅថ្ងៃសុក្រនេះបានកើត ឡើងនៅពេលដែលប្រទេសអ៊ីរ៉ង់ កំពុងកំណត់គោលដៅកាន់តែខ្លាំងឡើង ទៅលើទីតាំងថាមពលនៅ ក្នុងរដ្ឋអារ៉ាប់ឈូងសមុទ្រ ពែក្ស បន្ទាប់ពីអ៊ីស្រាអែលកាលពីថ្ងៃពុធ បានទម្លាក់គ្រាប់បែកលើទីតាំងឧស្ម័នធម្មជាតិដ៏ធំរបស់អ៊ីរ៉ង់នៅឈូងសមុទ្រ South Pars ក្នុងឈូងសមុទ្រពែក្ស៕
ប្រែសម្រួលៈ ណៃ តុលា

To Top