អ៊ីរ៉ង់ជំរុញឱ្យ IAEA ថ្កោលទោសការវាយប្រហារដោយចេតនារបស់អ៊ីស្រាអែល លេីរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr
វីយែន៖ បេសកជនអ៊ីរ៉ង់ប្រចាំទីក្រុងវីយែនបានស្នើសុំឱ្យទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល នៅរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr (NPP) ដោយហៅការវាយប្រហារនេះថា “ជាស្ថានភាពធ្ងន់ធ្ងរ និងអាក្រក់បំផុត”។
នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោក Reza Najafi ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀតប្រចាំទីក្រុងវីយែន បានប្រាប់ Press TV ថា ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ លោក Mohammad Eslami បានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គនាយក IAEA លោក Rafael Grossi ដោយជំរុញឱ្យលោកថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលនៅរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr។ ទោះជាយ៉ាងណាក៏ដោយ លិខិតនេះ និងលិខិតមុនៗពីភាគីអ៊ីរ៉ង់ នៅតែមិនទាន់មានចម្លើយ។
លោក Najafi បានហៅការវាយប្រហាររបស់អ៊ីស្រាអែលថា “ដោយចេតនា” ដែលបានកើតឡើងចម្ងាយ ២០០ម៉ែត្រពីរ៉េអាក់ទ័រនុយក្លេអ៊ែរកាលពីល្ងាចថ្ងៃអង្គារ។
លោកបានលេីកឡេីងថា នេះជាការវាយប្រហារលើកទីបីនៅជិតរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ បន្ទាប់ពី Natanz និង Isfahan ត្រូវបានវាយប្រហារនៅដើមការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។
លោក Najafi បានថ្លែងថា «យើងមិនទាន់ឃើញប្រតិកម្មវិជ្ជមានណាមួយពី IAEA នៅឡេីយទេ គ្រាន់តែសុំឲ្យមានការអត់ធ្មត់» ដោយជំរុញឲ្យ IAEA ថ្កោលទោសការវាយប្រហារទាំងនេះ។
នៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធ IAEA បានឧ្យដឹងថា ខ្លួនត្រូវបានជូនដំណឹងអំពីការវាយប្រហារនៅក្នុងបរិវេណរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ហើយបានអំពាវនាវឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីការពារហានិភ័យនៃគ្រោះថ្នាក់នុយក្លេអ៊ែរ។
ទន្ទឹមនឹងនេះ រុស្ស៊ីបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយមីស៊ីល ដោយនិយាយថា ការវាយប្រហារនេះមានចម្ងាយប៉ុន្មានម៉ែត្រពីអង្គភាពថាមពលប្រតិបត្តិការ ដែលបានបង្កើតការគំរាមកំហែងដល់អាយុជីវិតរបស់បុគ្គលិករុស្ស៊ីនៅកន្លែងនោះ៕
ប្រែសម្រួល ឈូក បូរ៉ា
