អ៊ីរ៉ង់ មានភ្នាក់ងារសំងាត់ ចាំលួចផែនការរបស់អ៊ីស្រាអែល ដែលត្រៀមវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរបស់ខ្លួនមានព័ត៌មាន សម្ងាត់អំពីផែនការរបស់អ៊ីស្រាអែល ក្នុងការវាយប្រហារទីតាំងហេដ្ឋារចនាសម្ព័ន្ធនានា។
លោករដ្ឋមន្ត្រីបានធ្វើការកត់សម្គាល់ នៅក្នុងការបង្ហោះ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គម X ខណៈពេលដែលសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងបង្ហាញការអត់ធ្មត់ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនត្រូវបានវាយប្រហារ។
លោក Araghchi បាននិយាយទៀតថា ៖ យើងជាមនុស្សដែលគោរពគោលការណ៍។ ប្រជាជនអ៊ីរ៉ង់មិនលួចវាយប្រហារ សត្រូវនៅពេលកំពុងសន្ទនានោះទេ ។ មានតែនៅពេលដែលត្រូវ បានវាយប្រហារទេ ទើបយើងឆ្លើយតបយ៉ាងខ្លាំងក្លា។
លោក Araghchi បាននិយាយដោយបន្ថែមថា ៖យើងមានចារកម្មលើផែនការ របស់អ៊ីស្រាអែលក្នុងការ វាយប្រហារហេដ្ឋារចនាសម្ព័ន្ធ ។ ជាថ្មីម្តងទៀត យើងនឹងមិនមានការអត់ធ្មត់ទេ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធ របស់យើងត្រូវបានវាយប្រហារ។
នៅក្នុងការបង្ហោះនៅលើ X កាលពីថ្ងៃព្រហស្បតិ៍ លោក Araghchi ក៏បានចង្អុលទៅការវាយប្រហារសងសឹក របស់អ៊ីរ៉ង់លើហេដ្ឋារចនាសម្ព័ន្ធ ថាមពលដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅក្នុង តំបន់ដោយនិយាយថា ការឆ្លើយតបរបស់យើង ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើហេដ្ឋារចនាសម្ព័ន្ធ របស់យើងបានប្រើប្រាស់ចំណែក នៃថាមពលរបស់យើង៕
ប្រែសម្រួល៖ស៊ុនលី
