ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ មានព័ត៌មានស៊ើបការណ៍សម្ងាត់អំពីផែនការរបស់អ៊ីស្រាអែល​ ក្នុងការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ប្រទេសរបស់លោក​ មានព័ត៌មានស៊ើបការណ៍សម្ងាត់អំពីផែនការរបស់អ៊ីស្រាអែលក្នុងការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។

លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈពេលដែលសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងគ្មានបង្ហាញការអត់ធ្មត់នោះទេ​ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនត្រូវបានវាយប្រហារ។

លោក Araghchi បានលេីកឡេីងថា “យើងជាបុរស​ និងស្ត្រីដែលមានគោលការណ៍។ ជនជាតិអ៊ីរ៉ង់មិនលួចវាយប្រហារសត្រូវ​ ខណៈពេលដែលកំពុងចូលរួមក្នុងការសន្ទនានោះទេ។ មានតែនៅពេលដែលត្រូវបានវាយប្រហារទេ ទើបយើងឆ្លើយតបយ៉ាងខ្លាំងក្លា” ដោយបន្ថែមថា “យើងមានព័ត៌មានស៊ើបការណ៍សម្ងាត់អំពីផែនការរបស់អ៊ីស្រាអែល​ ក្នុងការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ។ ជាថ្មីម្តងទៀតគឺថា​ គ្មានអត់ធ្មត់នោះទេ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធរបស់យើងត្រូវបានវាយប្រហារ”។

នៅក្នុងការបង្ហោះមួយនៅលើ X កាលពីថ្ងៃព្រហស្បតិ៍ លោក Araghchi បានចង្អុលបង្ហាញពីការវាយប្រហារសងសឹករបស់អ៊ីរ៉ង់លើហេដ្ឋារចនាសម្ព័ន្ធថាមពល​ ដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ នៅក្នុងតំបន់ ដោយថា “ការឆ្លើយតបរបស់យើង​ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើហេដ្ឋារចនាសម្ព័ន្ធរបស់យើងបានប្រើប្រាស់ថាមពលតិចតួចរបស់យើង”។

លោកបានសង្កត់ធ្ងន់ថា «ហេតុផលតែមួយគត់សម្រាប់ការអត់ធ្មត់​ គឺការគោរពចំពោះការស្នើសុំបន្ធូរបន្ថយភាពតានតឹង។ គ្មានការអត់ធ្មត់ទេ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធរបស់យើងត្រូវបានវាយប្រហារម្តងទៀត។ ការបញ្ចប់សង្គ្រាមណាមួយត្រូវតែដោះស្រាយការខូចខាតដល់ទីតាំងស៊ីវិលរបស់យើង៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top