ប្រធានាធិបតីអ៊ីរ៉ង់ បញ្ជាក់ថា អ៊ីរ៉ង់មិនស្វែងរកសង្គ្រាមជាមួយបណ្ដារដ្ឋមូស្លីមនោះទេ
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា ប្រទេសរបស់លោកមិនស្វែងរកសង្គ្រាមជាមួយរដ្ឋមូស្លីមនោះទេ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA។
លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងសារមួយដើម្បីអបអរសាទរចំពោះការមកដល់នៃពិធីបុណ្យ Eid al-Fitr ដែលជាថ្ងៃបញ្ចប់នៃខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន និង Nowruz ដែលជាការចាប់ផ្តើមនៃឆ្នាំថ្មីអ៊ីរ៉ង់ដែលនឹងចាប់នៅថ្ងៃទី២១ ខែមីនា។
ដោយធ្វើអត្ថាធិប្បាយលើភាពតានតឹងថ្មីៗនេះរវាងអ៊ីរ៉ង់ និងរដ្ឋអារ៉ាប់មួយចំនួនបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លោក Pezeshkian បានលេីកឡេីងថា “យើងមិនមានបំណងមានភាពខុសគ្នាជាមួយប្រទេសមូស្លីមនោះទេ។ យើងមិនស្វែងរកជម្លោះ និងសង្គ្រាមជាមួយរដ្ឋអ៊ីស្លាមនោះទេ ពួកគេជាបងប្អូនរបស់យើង”។
លោកបានស្តីបន្ទោសសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចំពោះភាពតានតឹងដែលបានកើតឡើងរវាងអ៊ីរ៉ង់ និងរដ្ឋមូស្លីមនៅក្នុងតំបន់។ លោក Pezeshkian បានបន្ដថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដោះស្រាយបញ្ហាទាំងអស់ជាមួយប្រទេសជិតខាងរបស់ខ្លួន ដោយស្នើឱ្យបង្កើតរចនាសម្ព័ន្ធសន្តិសុខដែលមានរដ្ឋមូស្លីមនៅមជ្ឈិមបូព៌ា ដើម្បីធានាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់៕
ប្រែសម្រួល ឈូក បូរ៉ា
