ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ព្រមាន វាយប្រហារទៅគោលដៅ លើហេដ្ឋារចនាសម្ព័ន្ធថាមពល និងទឹកស្អាត នៅទូទាំងមជ្ឈិមបូព៌ា បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមវាយប្រហាររោងចក្រ ថាមពលរបស់អ៊ីរ៉ង់

បរទេស៖ អ៊ីរ៉ង់បានព្រមានថា ខ្លួននឹងកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធថាមពល និងទឹកស្អាត នៅទូទាំងមជ្ឈិមបូព៌ា បន្ទាប់ពីការគំរាមកំហែង របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ថា នឹងវាយប្រហាររោងចក្រថាមពលរបស់អ៊ីរ៉ង់ លុះត្រាតែច្រកសមុទ្រហ័រមូស ត្រូវបានបើកឡើងវិញទាំងស្រុងក្នុងរយៈពេល ៤៨ ម៉ោង ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ថា អ៊ីរ៉ង់បានរក្សាផ្លូវដឹកជញ្ជូន ហ័រមូស ដ៏សំខាន់នេះឱ្យបិទសម្រាប់នាវា ភាគច្រើនចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារលើកដំបូងប្រឆាំងនឹងប្រទេសនេះ។

ទោះបីជាកងឆ្មាំបដិវត្តន៍អ៊ីស្លាមបានវាយប្រហារនាវាដឹកប្រេងជាច្រើនគ្រឿង ដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រក៏ដោយ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាជី កាលពីថ្ងៃអាទិត្យ បានស្តីបន្ទោសក្រុមហ៊ុនធានារ៉ាប់រង ចំពោះការរំខានដល់ការធ្វើនាវាចរណ៍។

សង្គ្រាមបានចូលដល់សប្តាហ៍ទីបួនរបស់ខ្លួននៅថ្ងៃចន្ទ ដោយភាគីទាំងពីរមិនបានបង្ហាញសញ្ញានៃការថយចុះភាពតានតឹង និងតម្លៃថាមពលសកលវិញ គឺបន្តកើនឡើង។ លោក ត្រាំ បានច្រានចោលបទឈប់បាញ់កាលពីចុងសប្តាហ៍ ដោយអះអាងថា សហរដ្ឋអាមេរិកជិតកាត់បន្ថយសមត្ថភាពមីស៊ីល និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់យ៉ាងច្រើន។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងតេហេរ៉ង់នៅតែរឹងរូស ដោយសន្យាថានឹងបន្តការប្រយុទ្ធ៕
ប្រែសម្រួលៈ ណៃ តុលា

To Top