ព័ត៌មានអន្តរជាតិ

​ អ៊ីរ៉ង់បញ្ជាក់ថា​ ច្រកសមុទ្រហ័រមូស​ មិនត្រូវបានបិទនៅឡេីយទេ​ ហេីយនៅតែត្រូវបានគ្រង់គ្រង ដោយអ៊ីរ៉ង់ដដែល

តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ច្រកសមុទ្រហ័រមូសមិនត្រូវបានរារាំងនោះទេ ហើយការធ្វើនាវាចរណ៍ នៅតែបន្តនៅក្នុងផ្លូវទឹក ដោយមានវិធានការចាំបាច់ត្រូវបានអនុវត្ត ដោយសារតែលក្ខខណ្ឌសម័យសង្គ្រាម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលរៀបរាប់លម្អិតអំពីជំហររបស់អ៊ីរ៉ង់ ក្នុងអំឡុងពេលនៃការវាយប្រហារជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្រសួងបានឧ្យដឹងថា អ៊ីរ៉ង់ តែងតែគោរពសេរីភាពនៃការធ្វើនាវាចរណ៍ និងសន្តិសុខ និងសុវត្ថិភាពផ្លូវសមុទ្រ ដោយបន្ថែមថា ខ្លួនបានខិតខំគាំទ្រគោលការណ៍ ទាំងនោះក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

ក្រសួងបានកត់សម្គាល់ថា បន្ទាប់ពី “ការឈ្លានពាន” យោធា របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ ប្រឆាំងនឹងអ៊ីរ៉ង់ ស្ថានភាពគ្រោះថ្នាក់មួយត្រូវបានដាក់ លើឈូងសមុទ្រ និងច្រកសមុទ្រហ័រមូស ដែលប៉ះពាល់ដោយផ្ទាល់ដល់សុវត្ថិភាព និងសន្តិសុខដឹកជញ្ជូនក្នុងតំបន់។

ក្រសួង​បាន​ឧ្យដឹង​ថា ដោយ​អះអាង​ពី​សិទ្ធិ​ស្របច្បាប់​របស់​ខ្លួន ​ក្នុង​ការ​ការពារ​ខ្លួន​ប្រឆាំង​នឹងក្រុម​ឈ្លានពាន អ៊ីរ៉ង់​បាន​កំណត់​គោលដៅ​មូលដ្ឋាន​យោធា និង​សម្ភារៈ​យោធា​របស់​សហរដ្ឋអាមេរិក​ក្នុង​តំបន់ ខណៈ​ដែល​បាន​អនុម័ត​វិធានការ​មួយ​ចំនួន​ដើម្បី​ធានា​ថា ក្រុមឈ្លានពាន និង​អ្នកគាំទ្រ​របស់​ពួកគេ​មិន​កេងប្រវ័ញ្ច​ច្រក​សមុទ្រ​នេះ​ ដើម្បី​ជំរុញ​គោលដៅ​ឈ្លានពាន​របស់​ពួកគេ​ប្រឆាំង ​នឹង​ប្រទេស​អ៊ីរ៉ង់ឡើយ។

ក្រសួង​បាន​បញ្ជាក់​ថា អ៊ីរ៉ង់​បាន​រារាំង​ការ​ឆ្លងកាត់​នាវា​ដែល​ជា​កម្មសិទ្ធិ​របស់ពួកគេ ឬ​ជាប់​ពាក់ព័ន្ធ​នឹងក្រុមឈ្លានពាន និង​អ្នក​ដែល​ចូលរួម​ក្នុងការ​ឈ្លានពាន​ ស្រប​តាម​គោលការណ៍​ដែល​បាន​បង្កើត​ឡើង​នៃ​ច្បាប់​អន្តរជាតិ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top