ប្រធានប្រតិបត្តិក្រុមហ៊ុន Shell ព្រមានថា អឺរ៉ុបនឹងប្រឈមមុខបញ្ហា ខ្វះខាតប្រេងធ្ងន់ធ្ងរ
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយកប្រតិបត្តិក្រុមហ៊ុន Shell លោក Wael Sawan បានព្រមានថាបណ្តាប្រទេសនៅអឺរ៉ុប អាចប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈភ្លាមៗ នៅខែក្រោយ ដែលជាលទ្ធផលនៃសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់។
គ្រឿងបរិក្ខារថាមពលសំខាន់ៗនៅក្នុងឈូងសមុទ្រត្រូវបានខូចខាត នៅក្នុងជម្លោះនេះ ខណៈដែលចរាចរណ៍ផ្លូវសមុទ្រឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់ដែលគ្រប់គ្រងលំហូរប្រេងប្រហែល២០ភាគរយ នៃលំហូរប្រេងទូទាំងពិភពលោកបានបិទជិត។
លោកSawan បាននិយាយកាលពីថ្ងៃអង្គារទៀតថា សង្គ្រាមបានប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងយន្តហោះរួចហើយ។ លោកបានបន្ថែមថា ប្រេងម៉ាស៊ូតត្រូវបានកំណត់ថាជាបន្ទាប់ បន្ទាប់មកប្រេងសាំងនៅដើម រដូវកាលបើកបររដូវក្តៅខាងមុខ។
លោក Sawan បាននិយាយនៅក្នុងសន្និសីទថាមពលនៅទីក្រុង Houston ថា ៖អាស៊ីខាងត្បូងគឺជាលើកដំបូងដែលទទួលផលប៉ះពាល់យ៉ាងខ្លាំង។ បន្ទាប់មកគឺបានផ្លាស់ប្តូរទៅអាស៊ីអាគ្នេយ៍ អាស៊ីឦសាន និងបន្ទាប់មកបន្ថែមទៀតចូលទៅក្នុងទ្វីបអឺរ៉ុបនៅពេលដែលយើងឈានដល់ខែមេសា។
ក្នុងនោះប្រទេសស្រីលង្កា បង់ក្លាដែស និងប៉ាគីស្ថានបានកាត់បន្ថយម៉ោងធ្វើការ និងណែនាំការបែងចែកប្រេងឥន្ធនៈ។ ជប៉ុន និងកូរ៉េខាងត្បូងបានបញ្ចេញប្រេងពីទុនបម្រុងយុទ្ធសាស្ត្របណ្តើរៗទៅហើយដែរ៕
ប្រែសម្រួល៖ស៊ុនលី
