ព័ត៌មានអន្តរជាតិ

​ សេតវិមានព្រមានថា​ លោក​ ដូណាល់​ ត្រាំ​ អាចនឹងបន្ដវាយប្រហារ កាន់តែខ្លាំងប្រឆាំងនឹងអ៊ីរង់

វ៉ាស៊ីនតោន៖​ លោកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមាន បានឧ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងវាយប្រហារកាន់តែខ្លាំង​ ពោលគឺប្រៀបទៅនឹងឋាននរក ប្រសិនបើអ៊ីរ៉ង់បដិសេធមិនធ្វើកិច្ចព្រមព្រៀងលើសង្គ្រាមអាមេរិក-អ៊ីស្រាអែល​ ប្រឆាំងនឹងអ៊ីរ៉ង់​ ដែលកំពុងបន្ត។

លោកស្រីបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានថា «ប្រធានាធិបតី ត្រាំ មិនបោកបញ្ឆោតទេ ហើយលោកត្រៀមខ្លួនរួចជាស្រេច​ ដើម្បីវាយប្រហារកាន់តែសាហាវ»។

លោកស្រីបានលេីកឡេីងថា «អំពើហិង្សាណាមួយហួសពីចំណុចនេះ» នឹងកើតឡើងដោយសារតែអ៊ីរ៉ង់ «បដិសេធមិនយល់ថាពួកគេបានចាញ់រួចហើយ និងបដិសេធមិនព្រមឈានដល់កិច្ចព្រមព្រៀង»។

នៅក្នុងនោះដែរលោកស្រី Leavitt បានបដិសេធមិនបង្ហាញអ្នកណាដែលទីក្រុងវ៉ាស៊ីនតោន​ កំពុងចរចាជាមួយអំពីរបៀបបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់នោះទេ។

លោកស្រីបានបន្ដថា «យើងនឹងមិនចូលទៅក្នុងព័ត៌មានលម្អិតនៃការចរចា និងការសន្ទនាទាំងនេះដែលបន្តកើតឡើងនោះទេ ព្រោះជាការពិតណាស់ អ្នកអាចស្រមៃបានថា វាជាការពិភាក្សាការទូតដ៏រសើបខ្លាំង»។

លោកស្រីបានអះអាងថា សង្គ្រាម ដែលផ្ទុះឡើងនៅថ្ងៃទី២៨​ ខែកុម្ភៈ នៅតែស្ថិតនៅលើផ្លូវត្រូវស៊ូទ្រាំរយៈពេល​ ៤​ ទៅ​ ៦សប្តាហ៍។

មិនមានការចរចាដោយផ្ទាល់​ ឬការចរចាដោយប្រយោលណាមួយរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកទេ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បានឧ្យដឹងនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ India Today កាលពីថ្ងៃពុធ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top