សហរដ្ឋអាមេរិក លើកលែងច្បាប់ស្តីពីការលក់ប្រេងឥន្ធនៈអេតាណុល ដើម្បីធានាការផ្គត់ផ្គង់
ញូវយ៉ក៖ ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) បានលើកលែងច្បាប់សម្រាប់ការលក់ប្រេងឥន្ធនៈអេតាណុលនៅរដូវក្តៅ ដើម្បីបន្ធូរបន្ថយសម្ពាធតម្លៃប្រេងខ្ពស់លើអ្នកប្រើប្រាស់អាមេរិក។
EPA បានចេញការលើកលែងប្រេងឥន្ធនៈបន្ទាន់បណ្តោះអាសន្ន ដើម្បីអនុញ្ញាតឱ្យមានការលក់ទូទាំងប្រទេសនៃ E15 សាំងលាយជាមួយអេតាណុល ១៥ភាគរយ និងដើម្បីលុបបំបាត់ឧបសគ្គសហព័ន្ធទាំងអស់ចំពោះការលក់ E10 សាំងលាយជាមួយអេតាណុល ១០ភាគរយ។
ការលើកលែងនេះនឹងចូលជាធរមាននៅថ្ងៃទី ១ ខែឧសភា ហើយនឹងនៅតែមានសុពលភាពរហូតដល់ថ្ងៃទី២០ ខែឧសភា នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ EPA។
លោក Lee Zeldin អ្នកគ្រប់គ្រង EPA បានឧ្យដឹងថា “សកម្មភាពបន្ទាន់នេះនឹងផ្តល់ឱ្យគ្រួសារអាមេរិកនូវការធូរស្បើយដោយការបង្កើនការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងជម្រើសរបស់អ្នកប្រើប្រាស់”។
ជាទូទៅ ការលក់ប្រេងឥន្ធនៈអេតាណុលមិនត្រូវបានអនុញ្ញាតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១៥ ខែកញ្ញាទេ ដោយសារប្រេងឥន្ធនៈអេតាណុលមិនបំពេញតាមតម្រូវការប្រែប្រួលនៃប្រេងសាំង។
សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ បាននាំឱ្យមានការកើនឡើងនៃតម្លៃប្រេងអន្តរជាតិក្នុងខែមីនា ដែលធ្វើឲ្យអ្នកប្រើប្រាស់អាមេរិក មានបន្ទុក៕
ប្រែសម្រួល ឈូក បូរ៉ា
