បញ្ជាការកណ្ដាលអាមេរិក អះអាងថា កងទ័ពអាមេរិកត្រឹម ២៩០នាក់ប៉ុណ្ណោះរងរបួស និង ១៣នាក់ស្លាប់ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ កងទ័ពអាមេរិកត្រឹមតែ ២៩០នាក់ប៉ុណ្ណោះ បានរងរបួសចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយ របស់ទីបញ្ជាការកណ្តាល សហរដ្ឋអាមេរិក (CENTCOM) កាលពីថ្ងៃពុធ។
ក្នុងចំណោមអ្នករងរបួស សមាជិកយោធា ១០នាក់នៅតែសម្រាកព្យាបាល នៅមន្ទីរពេទ្យដោយសាររបួសធ្ងន់ធ្ងរ នេះបើយោងតាមអ្នកនាំពាក្យ CENTCOM លោក Tim Hawkins បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយដែលបានផ្ញើ តាមអ៊ីមែលទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។
លោកបានលេីកឡេីងថា កងទ័ពទាំងអស់ លើកលែងតែ ៣៥នាក់ បានវិលត្រឡប់មកបំពេញ កាតព្វកិច្ចវិញបន្ទាប់ ពីទទួល បានការព្យាបាល។ ក្នុងនោះកងទ័ពអាមេរិកចំនួន ១៣នាក់បានស្លាប់នៅក្នុងជម្លោះយោធា ដែលកំពុងបន្តជាមួយអ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
