នាយករដ្ឋមន្ត្រីអេស្ប៉ាញថា អ៊ីរ៉ង់មានសមត្ថភាពយោធាសំខាន់ៗ រួមទាំងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ និងបញ្ជាក់ពីការមិនចូលរួមសង្គ្រាមមួយនេះ
បរទេស៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានមានប្រសាសន៍ថា សង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ដែលកំពុងបន្តនឹងមានផលវិបាក «អាក្រក់ជាង» ការឈ្លានពានអ៊ីរ៉ាក់ដឹកនាំដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៣ ទៅទៀតន ខណៈពេលដែលលោកបានបញ្ជាក់ជាថ្មីនូវការបដិសេធរបស់ទីក្រុងម៉ាឌ្រីដក្នុងការចូលរួមសង្គ្រាមនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ថា ថ្លែងទៅកាន់សភាជាន់ទាបនៅថ្ងៃពុធ លោក Sanchez បានពិពណ៌នាអំពីជម្លោះនេះថា ជា «គ្រោះមហន្តរាយទាំងស្រុង» ដោយនិយាយថា វាបាន «ធ្វើឱ្យខូចច្បាប់អន្តរជាតិ និងធ្វើឱ្យមជ្ឈិមបូព៌ាមានអស្ថិរភាព»។ លោកបានបន្ថែមថា វាបានធ្វើឱ្យភាពតានតឹងនៅក្នុងប្រទេសអ៊ីរ៉ាក់ និងលីបង់ផ្ទុះឡើងឡើងវិញ បង្កើនអសន្តិសុខនៅក្នុងរដ្ឋឈូងសមុទ្រពែក្ស និងធ្វើឱ្យបញ្ហាប្រឈមថាមពលសកលកាន់តែធ្ងន់ធ្ងរឡើង។
លោក Sanchez បាននិយាយថា «យើងមិនកំពុងប្រឈមមុខនឹងសេណារីយ៉ូដូចគ្នានឹងសង្គ្រាមខុសច្បាប់ដូចនៅក្នុងប្រទេសអ៊ីរ៉ាក់ទេ»។ «យើងកំពុងប្រឈមមុខនឹងអ្វីដែលអាក្រក់ជាងនេះទៅទៀត ជាមួយនឹងផលប៉ះពាល់កាន់តែទូលំទូលាយ និងជ្រៅជាងនេះទៅទៀត»។
លោកបានរិះគន់រដ្ឋាភិបាលឆ្នាំ ២០០៣ របស់នាយករដ្ឋមន្ត្រី Jose Maria Aznar សម្រាប់ការគាំទ្រការឈ្លានពានអ៊ីរ៉ាក់ដឹកនាំដោយសហរដ្ឋអាមេរិក និងក្រោយមកបានដាក់ពង្រាយកងទ័ពអេស្ប៉ាញទៅកាន់ប្រទេសនេះ។
លោក Sanchez ក៏បានកត់សម្គាល់ថា អ៊ីរ៉ង់មានទំហំធំជាងប្រទេសអាល្លឺម៉ង់ បារាំង និងអ៊ីតាលីរួមបញ្ចូលគ្នាទាក់ទងនឹងទឹកដី និងមានសមត្ថភាពយោធាសំខាន់ៗ រួមទាំងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ។
លោកបាននិយាយថា ទីក្រុងតេអេរ៉ង់បានចំណាយពេលរាប់ទសវត្សរ៍ដើម្បីកសាងការពារជាតិ ដោយសំដៅទៅលើការបង្កើតសាធារណរដ្ឋអ៊ីស្លាមបន្ទាប់ពីបដិវត្តន៍ឆ្នាំ១៩៧៩៕
ប្រែសម្រួលៈ ណៃ តុលា
