លោក ដូណាល់ ត្រាំ ពង្រីកការផ្អាកវាយប្រហារលេីរោងចក្រ ថាមពលអ៊ីរ៉ង់រយៈពេល ១០ថ្ងៃ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកនឹងផ្អាកការវាយប្រហារ តាមផែនការលើរោងចក្រថាមពលអ៊ីរ៉ង់ រយៈពេល ១០ថ្ងៃ ដោយអះអាងថា ការចរចារវាងភាគីទាំងពីរកំពុង «ដំណើរការទៅដោយរលូន»។
លោក ត្រាំ បានឧ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោកថា «តាមសំណើរបស់រដ្ឋាភិបាលអ៊ីរ៉ង់ សូមឲ្យសេចក្តីថ្លែងការណ៍នេះតំណាងឱ្យថា ខ្ញុំកំពុងផ្អាករយៈពេលនៃការបំផ្លាញរោងចក្រថាមពលរយៈពេល ១០ថ្ងៃ ដល់ថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៨យប់ ម៉ោងភាគខាងកើត»។
លោក ត្រាំ បានសរសេរថា «ការចរចាកំពុងដំណើរការ ហើយទោះបីជាមានសេចក្តីថ្លែងការណ៍ខុសឆ្គងផ្ទុយពីនេះដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងអ្នកផ្សេងទៀតក៏ដោយ ក៏ពួកគេកំពុងដំណើរការទៅដោយរលូន»។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា សារផ្សេងៗគ្នាត្រូវបានផ្លាស់ប្តូររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកតាមរយៈអន្តរការី ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈដែលទីក្រុងតេអេរ៉ង់ មិនបានធ្វើការចរចាជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារដ៏ធំលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ។
លោក ត្រាំ កាលពីថ្ងៃសៅរ៍បានផ្តល់ពេលឱ្យទីក្រុងតេអេរ៉ង់ ៤៨ម៉ោងដើម្បីបើកច្រកសមុទ្រហ័រមូស ឡើងវិញទាំងស្រុង ដោយព្រមានថា បើមិនដូច្នោះទេ ទីក្រុងវ៉ាស៊ីនតោនអាចវាយប្រហាររោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់។ ទីក្រុងតេអេរ៉ង់បានឆ្លើយតបដោយផ្តល់សញ្ញាថាខ្លួននឹងសងសឹកនៅទូទាំងតំបន់ ប្រសិនបើការវាយប្រហារបែបនេះនៅតែបន្ត៕
