ប្រភពចំនួន៣ អះអាងថា អារ៉ាប់រួម មានឆន្ទៈចូលរួមជាមួយកម្លាំងអន្តរជាតិ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ
បរទេស៖ កាសែត Financial Times បានរាយការណ៍នៅថ្ងៃសុក្រដោយដកស្រង់សម្តីមនុស្សដែលស្គាល់បញ្ហានេះថា សហព័ន្ធអារ៉ាប់រួមបានប្រាប់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀតថា ខ្លួននឹងចូលរួមក្នុងក្រុមការងារដែនសមុទ្រពហុជាតិសាសន៍ ដែលមានបំណងបើកច្រកសមុទ្រ Hormuz ឡើងវិញ ។
យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ថា កាសែត Financial Times បានផ្សាយជាមួយប្រភពបី ដែលប្រភពចំនួនពីរបាននិយាយថា ទីក្រុងអាប៊ូដាប៊ីនឹងដាក់ពង្រាយកងទ័ពជើងទឹកផ្ទាល់ខ្លួនជាផ្នែកមួយនៃក្រុមការងារ។
របាយការណ៍បានបន្ថែមថា អារ៉ាប់រួមកំពុងព្យាយាមជំរុញប្រទេសជាច្រើនទៀតឱ្យបង្កើត “កងកម្លាំងសន្តិសុខ Hormuz” ដើម្បីដឹកជញ្ជូន និងការពារច្រកសមុទ្រពីការវាយប្រហាររបស់អ៊ីរ៉ង់។
អារ៉ាប់រួមបានពង្រឹងជំហររបស់ខ្លួនចំពោះអ៊ីរ៉ង់ ខណៈដែលខ្លួនគឺស្ថិតនៅក្រោមការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកជារៀងរាល់ថ្ងៃពីសាធារណរដ្ឋអ៊ីស្លាម ដែលក្រសួងការពារជាតិអាប៊ូដាប៊ីហៅថា “ការឈ្លានពានរបស់អ៊ីរ៉ង់ដោយចំហ” ក្នុងអំឡុងពេលប្រតិបត្តិការ Roaring Lion និង Epic Fury ដែលកំពុងដំណើរការ។
អារ៉ាប់រួមបានប្រឈមមុខនឹងការវាយប្រហាររបស់អ៊ីរ៉ង់ច្រើនជាងប្រទេសដទៃទៀតនៅក្នុងតំបន់ រួមទាំងអ៊ីស្រាអែលផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
