ប្រធានាធិបតីហ្វាំងឡង់ ៖ ភាពតានតឹង នៅមជ្ឈិមបូព៌ា មិនមែនជាបញ្ហា របស់អង្គការណាតូនោះទេ
HELSINKI៖ នេះបើតាមប្រធានាធិបតីហ្វាំងឡង់លោក Alexander Stubb បានឧ្យដឹងថា ភាពតានតឹងនៅមជ្ឈិមបូព៌ា មិនមែនជាបញ្ហារបស់ណាតូទេ ពីព្រោះសម្ព័ន្ធភាពនេះ គឺជាបញ្ហាការពារខ្លួន។
ការកត់សម្គាល់របស់លោក Stubb បង្ហាញពីភាពខុសគ្នា យ៉ាងច្បាស់ រវាងតួនាទីស្នូលរបស់ណាតូ និងវិបត្តិមជ្ឈិមបូព៌ា ទោះបីជាភាពតានតឹង ក្នុងតំបន់កាន់តែមានឥទ្ធិពល លើការគណនាសន្តិសុខរបស់អឺរ៉ុប ក៏ដោយ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
លោក Stubb បានធ្វើការអត្ថាធិប្បាយ នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់មេដឹកនាំ នៃកងកម្លាំងបេសកកម្មរួម (JEF) ដឹកនាំដោយអង់គ្លេសនៅទីក្រុង Helsinki។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលចេញបន្ទាប់ពីកិច្ចប្រជុំ មេដឹកនាំបានឧ្យដឹងថា វិបត្តិមជ្ឈិមបូព៌ាបានគូសបញ្ជាក់ពីសារៈសំខាន់នៃសន្តិសុខដែនសមុទ្រ និងផ្លូវពាណិជ្ជកម្មដែលសំខាន់សម្រាប់វិបុលភាព និងសន្តិសុខរួម។
យោងតាមសេចក្តីថ្លែងការណ៍ ប្រទេស JEF នឹងបង្កើនសកម្មភាពទប់ស្កាត់ និង សកម្មភាពសន្តិភាព រួមទាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹង ការគំរាមកំហែងចម្រុះ និងឆ្លើយតបកាន់តែមានប្រសិទ្ធភាព ចំពោះបញ្ហាប្រឈមសន្តិសុខ។
សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា ពួកគេក៏បានព្រមព្រៀងគ្នាពង្រឹងការសម្របសម្រួលទូទាំងតំបន់អាកទិក តំបន់ខាងជើងខ្ពស់ តំបន់អាត្លង់ទិកខាងជើង និងសមុទ្របាល់ទិក ដែលពួកគេបានពិពណ៌នាថា ជាតំបន់ភូមិសាស្ត្រយុទ្ធសាស្ត្ររួមស្នូលរបស់ពួកគេផងដែរ៕
