យោធាអ៊ីស្រាអែល អះអាងថា ខ្លួនបានវាយប្រហារគោលដៅ ផលិតអាវុធអ៊ីរ៉ង់ជាង ១០០០ កន្លែង
យេរូសាឡឹម៖ អ៊ីស្រាអែលបានវាយប្រហារគោលដៅផលិតអាវុធអ៊ីរ៉ង់ ជាង ១០០០ កន្លែង ខណៈដែលខ្លួនកំពុងបង្កើន ការវាយប្រហារលើឧស្សាហកម្មយោធា របស់ទីក្រុងតេអេរ៉ង់ នេះបើយោងតាមយោធាអ៊ីស្រាអែល។
យោធាបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងការពារជាតិ អ៊ីស្រាអែល កំពុងបង្កើនការវាយប្រហារ របស់ខ្លួនលើឧស្សាហកម្មផលិតអាវុធរបស់របបភេរវកម្មអ៊ីរ៉ង់”។
យុទ្ធនាការនេះត្រូវបានរចនាឡើង ដើម្បីធ្វើឱ្យខូចសមត្ថភាពផលិតអាវុធរបស់របបអ៊ីរ៉ង់ ដោយកំណត់គោលដៅជាប្រព័ន្ធលើខ្សែសង្វាក់ផលិតកម្ម ដើម្បីកាត់បន្ថយសមត្ថភាពផលិត ការអភិវឌ្ឍ និងការស្រាវជ្រាវរបស់អ៊ីរ៉ង់នៅទូទាំងឧស្សាហកម្មយោធារបស់ខ្លួន។
ការប្រកាសនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឧ្យដឹងថា ការចរចាដែលមានគោលបំណង បញ្ចប់ជម្លោះកំពុងដំណើរការ “ល្អណាស់” ហើយបានពង្រីកថ្ងៃផុតកំណត់ របស់លោកសម្រាប់ការវាយប្រហារ ដែលអាចកើតមានលើរោងចក្រថាមពលអ៊ីរ៉ង់ចំនួន ១០ ថ្ងៃ។
នៅថ្ងៃទី ២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ ជាច្រើនទៀត។ អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ត្រូវបានសម្លាប់ រួមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិលផ្សេងទៀតរាប់រយនាក់។
អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនលើកច្រើនសារ ទៅលើមូលដ្ឋានទ័ព និងទ្រព្យសម្បត្តិរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា៕
ប្រែសម្រួល ឈូក បូរ៉ា
