ព័ត៌មានអន្តរជាតិ

 បារាំងថា ប្រមុខយោធារបស់ខ្លួន បានជួបពិភាក្សា ជាមួយប្រទេសប្រហែល ៣៥ សម្រាប់បេសកកម្ម បើកច្រកសមុទ្រ Hormuz ឡើងវិញ‎

បរទេស៖ បារាំងបាននិយាយថា ប្រមុខយោធារបស់ខ្លួនបានជួបពិភាក្សា ជាមួយប្រទេសប្រហែល ៣៥ នៅថ្ងៃព្រហស្បតិ៍ ខណៈដែលខ្លួនកំពុងស្វែងរកដៃគូ និងសំណើសម្រាប់បេសកកម្មដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ នៅពេលដែលសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់បានបញ្ចប់។

‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ថា សម្ព័ន្ធមិត្តលោកខាងលិចរបស់សហរដ្ឋអាមេរិកបាននិយាយថា ពួកគេនឹងមិនចូលរួម ក្នុងជម្លោះដែលកំពុងបន្តនោះទេ ប៉ុន្តែសកម្មភាពនៅពីក្រោយឆាកនេះបង្ហាញ ពីការព្រួយបារម្ភថា បន្ទាប់ពីការប្រយុទ្ធគ្នា អ៊ីរ៉ង់អាចបន្តគំរាមកំហែងដល់ផ្លូវទឹក ដែលផ្ទុកប្រេងប្រហែលមួយភាគប្រាំ នៃការផ្គត់ផ្គង់ប្រេងសកល ។

‎ការដឹកជញ្ជូននៅទីនោះបានថយចុះស្ទើរតែឈប់ បន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារនាវានានា ក្នុងអំឡុងពេលមានជម្លោះជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។

‎សេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិបារាំង មិនបានដាក់ឈ្មោះមហាអំណាចបរទេស ដែលបានជួបពិភាក្សាជាមួយអគ្គមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ Fabien Mandon នៅក្នុងសន្និសីទវីដេអូដ៏ធំមួយនោះទេ ប៉ុន្តែបាននិយាយថា ពួកគេមកពីគ្រប់ទ្វីបទាំងអស់។
‎ប្រែសម្រួលៈ ណៃ តុលា

To Top