រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Rubio អះអាងថា ប្រតិបត្តិការនៅអ៊ីរ៉ង់ នឹងបញ្ចប់ក្នុងពេលប៉ុន្មាន សប្តាហ៍ខាងមុខនេះ
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃសុក្រថា ប្រតិបត្តិការ ដែលកំពុងបន្តប្រឆាំងនឹងអ៊ីរ៉ង់ ត្រូវបានគេរំពឹងថានឹង បញ្ចប់ទៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះហើយ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នៅប្រទេសបារាំង លោក Rubio បាននិយាយថា ប្រតិបត្តិការនេះនឹងបញ្ចប់ តាមពេលវេលាសមស្រប ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ដោយមិនមែនរាប់ខែទេ។
លោកបានកត់សម្គាល់ថា សហរដ្ឋអាមេរិកនៅតែអាច សម្រេចបាននូវគោលបំណងដោយគ្មានកងទ័ពជើងគោក រួមទាំងការបំផ្លាញសមត្ថភាពមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ផងដែរ។
អ្នកយកព័ត៌មានមកពីគេហទំព័រព័ត៌មានអាមេរិក Axios បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា Rubio បានប្រាប់សមភាគី G7 របស់គាត់ថាជម្លោះជាមួយអ៊ីរ៉ង់អាចបន្តពីរទៅបួនសប្តាហ៍ទៀត។
លោកRubio ក៏បាននិយាយផងដែរថា ទីក្រុងវ៉ាស៊ីនតោនបានបើកចំហរក្នុងការបង្វែរអាវុធរបស់សហរដ្ឋអាមេរិកពីអ៊ុយក្រែនទៅកាន់មជ្ឈិមបូព៌ា ទោះបីជាវិធានការបែបនេះមិនទាន់ត្រូវបានធ្វើឡើងរហូតមកដល់ពេលនេះក៏ដោយ៕
ប្រែសម្រួល៖ស៊ុនលី
