ក្រុមហ៊ូធី ព្រមានអំពីអន្តរាគមន៍យោធាដែលអាចកើតមាន ចំពេលមានការកើនឡើងនៃភាពតានតឹងក្នុងតំបន់
សាណា៖ ក្រុមហ៊ូធីរបស់ប្រទេសយេម៉ែន បានព្រមានអំពីអន្តរាគមន៍យោធា ដែលអាចកើតមាន ចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើង ដោយអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអ្វីដែលខ្លួនពិពណ៌នាថា ជាការឈ្លានពានប្រឆាំងនឹងប្រទេសជាច្រើននៅមជ្ឈិមបូព៌ា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចាក់ផ្សាយនៅលើទូរទស្សន៍ Al-Masirah ដែលគ្រប់គ្រងដោយក្រុមហ៊ូធី អ្នកនាំពាក្យយោធារបស់ក្រុមនេះ លោក Yahya Sarea បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបញ្ចប់អរិភាពដែលប៉ះពាល់ដល់ប៉ាឡេស្ទីន លីបង់ អ៊ីរ៉ង់ និងអ៊ីរ៉ាក់។
លោកបានបន្ថែមថា អ្វីដែលលោកហៅថា “សត្រូវអាមេរិក-អ៊ីស្រាអែល” ត្រូវតែឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងដែលមានគោលបំណងបញ្ឈប់ការកើនឡើងនៃភាពតានតឹងជាពិសេសទាក់ទងនឹងអ៊ីរ៉ង់។
លោកបានព្រមានថា ក្រុមនេះត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសកម្មភាព ប្រសិនបើភាពតានតឹងនៅតែបន្តកើនឡើង ដោយកត់សម្គាល់ថាកងកម្លាំងហ៊ូធី ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើអន្តរាគមន៍ ប្រសិនបើសមុទ្រក្រហមត្រូវបានប្រើជាវេទិកា សម្រាប់ប្រតិបត្តិការយោធាដែលកំណត់គោលដៅអ៊ីរ៉ង់។
អ្នកនាំពាក្យរបស់ក្រុមហ៊ូធី ក៏បានព្រមានអំពីការកើនឡើងជាបន្តបន្ទាប់ ដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ និងអ្វីដែលលោកហៅថា “អ័ក្សនៃការតស៊ូ” ដែលបង្ហាញថា ការវិវត្តបន្ថែមទៀតអាចជំរុញឱ្យមានសកម្មភាពដោយផ្ទាល់៕
ប្រែសម្រួល ឈូក បូរ៉ា
