សហភាពអឺរ៉ុប ប្រឈមនឹងហានិភ័យនៃអតិផរណា ចំពេលមានជម្លោះនៅមជ្ឈិមបូព៌ា
ព្រុចសែល៖ សហភាពអឺរ៉ុប កំពុងប្រឈមមុខនឹងហានិភ័យនៃអតិផរណា ខណៈដែលជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ាបានជំរុញឱ្យតម្លៃថាមពលកើនឡើង និងធ្វើឱ្យប៉ះពាល់ដល់ទស្សនវិស័យសេដ្ឋកិច្ច នេះបើយោងតាមការលើកឡើងរបស់ស្នងការសេដ្ឋកិច្ចអឺរ៉ុបលោក Valdis Dombrovskis។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ Eurogroup តាមអ៊ីនធឺណិត លោក Dombrovskis បានលេីកឡេីងថា ជម្លោះនេះបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយជំរុញឱ្យតម្លៃថាមពលកើនឡើងយ៉ាងខ្លាំង។
នៅថ្ងៃទី២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ជាច្រើនទៀត ដោយបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei រួមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិលរាប់រយនាក់ផ្សេងទៀត។
អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនលើកច្រើនសារ ដែលកំណត់គោលដៅមូលដ្ឋាន និងទ្រព្យសម្បត្តិរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា។
លោកបានកត់សម្គាល់ថា ច្រកសមុទ្រហ័រមូស ដែលជាចំណុចប្រសព្វយុទ្ធសាស្ត្រមួយ ដែលប្រេងប្រហែលមួយភាគប្រាំរបស់ពិភពលោកឆ្លងកាត់ ត្រូវបានបិទទាំងស្រុង។ ប្រេងឆៅប្រភេទ Brent បានជួញដូរលើសពី ១០០ដុល្លារអាមេរិកក្នុងមួយបារ៉ែលរយៈពេលពីរសប្តាហ៍ជាប់ៗគ្នា។
លោកបានលេីកឡេីងថា “ទស្សនវិស័យត្រូវបានគ្របដណ្ដប់ដោយភាពមិនប្រាកដប្រជាយ៉ាងខ្លាំង ប៉ុន្តែវាច្បាស់ណាស់ថាយើងកំពុងប្រឈមនឹងហានិភ័យនៃការប៉ះទង្គិចនៃអតិផរណាជាប់ៗគ្នា” ដោយសំដៅទៅលើសេណារីយ៉ូមួយ ដែលកំណើនយឺតកើតឡើងស្របគ្នានឹងអតិផរណាខ្ពស់៕
ប្រែសម្រួល ឈូក បូរ៉ា
