ព័ត៌មានអន្តរជាតិ

អាមេរិក មានមហិច្ឆតាគ្រប់គ្រង ប្រេងរបស់អ៊ីរ៉ង់ បន្ទាប់ពីទទួលជោគជ័យ ក្នុងការគ្រប់គ្រងប្រេង របស់វ៉េណេស៊ុយអេឡា

បរទេស៖ និយាយនៅក្នុងបទសម្ភាសន៍ មួយជាមួយកាសែត Financial Times កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបានច្រានចោលលទ្ធភាព ដែលកងកម្លាំងអាមេរិក នឹងដណ្តើមយកមជ្ឈមណ្ឌលនាំ ចេញដ៏សំខាន់របស់អ៊ីរ៉ង់ នៅលើកោះខាក ដើម្បីគ្រប់គ្រងការនាំចេញប្រេង របស់សាធារណរដ្ឋអ៊ីស្លាមនោះទេ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ថា លោក ត្រាំ បានអះអាងថា «សិទ្ធដំបូងគេ» របស់លោកគឺឲ្យទីក្រុងវ៉ាស៊ីនតោន គឺគ្រប់គ្រងឧស្សាហកម្មប្រេង និងការនាំចេញរបស់ទីក្រុងតេហេរ៉ង់ដោយគ្មានកំណត់ ដូចដែលអាមេរិកបានធ្វើនៅក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការវាយឆ្មក់យោធា កាលពីខែមករា។

លោក ត្រាំ បាននិយាយថា «និយាយឱ្យត្រង់ទៅ រឿងដែលខ្ញុំចង់ធ្វើជាងគេគឺការយកប្រេងនៅអ៊ីរ៉ង់ ប៉ុន្តែមនុស្សល្ងង់មួយចំនួននៅសហរដ្ឋអាមេរិកនិយាយថា៖ «ហេតុអ្វីបានជាអ្នកធ្វើបែបនោះ?» ប៉ុន្តែពួកគេជាមនុស្សល្ងង់»។

ក្រសួងសង្គ្រាមសហរដ្ឋអាមេរិក បានប្រមូលផ្តុំកង កម្លាំងនៅក្នុងតំបន់ ដែលជំរុញឱ្យមានការរំពឹង ទុកអំពីប្រតិបត្តិការ លើដីគោក ដែលអាចកើតមាន។ មន្ត្រីនៅទីក្រុងតេហេរ៉ង់បានអះអាងថា កងកម្លាំងរបស់ប្រទេសអ៊ីរ៉ង់កំពុង «រង់ចាំ» កងទ័ពអាមេរិក ហើយពួកគេហ៊ាន «ចូលមកជិត» និងប្រកាន់សហរដ្ឋអាមេរិកថា បានគ្រោងទុកការឈ្លានពានដោយសម្ងាត់ ខណៈពេលកំពុងនិយាយអំពីការចរចា។

អ៊ីរ៉ង់ក៏ត្រូវបានគេរាយការណ៍ថាបានពង្រឹងការការពារកោះ ខាក ជាមួយនឹងមីន ប្រព័ន្ធការពារដែនអាកាសចល័ត និងអង្គភាពយន្តហោះគ្មានមនុស្ស បើក FPV ប៉ុន្តែលោក ត្រាំ បានបដិសេធលទ្ធភាពដែលទីក្រុង តេហេរ៉ង់អាចធ្វើការប្រយុទ្ធដ៏ខ្លាំងក្លា។

សូមជម្រាបថា បន្ទាប់ពីការវាយឆ្មក់យោធា របស់សហរដ្ឋអាមេរិក លើប្រទេស វេណេស៊ុយអេឡា ដែលបានចាប់ខ្លួនប្រធានាធិបតី Nicolas Maduro និងបានតែងតាំងរដ្ឋាភិបាល ដែលរួសរាយរាក់ទាក់ជាងនៅទីក្រុង Caracas លោក ត្រាំ បានសន្យាថានឹងគ្រប់គ្រងឧស្សាហកម្មប្រេង របស់ប្រទេស «ដោយគ្មានកំណត់»។

ទីក្រុងវ៉ាស៊ីនតោនបានដាក់ការគ្រប់គ្រង លើការនាំចេញប្រេងឆៅ របស់ប្រទេសវេណេស៊ុយអេឡា ដោយប្រាក់ចំណូលត្រូវ បានដាក់ចូលទៅក្នុងគណនី ដែលគ្រប់គ្រង ដោយរតនាគារអាមេរិកដែលមានកម្រិត ជាជាងឱ្យទៅដោយផ្ទាល់ទៅរដ្ឋវេណេស៊ុយអេឡា។ ប្រធានាធិបតីបណ្ដោះអាសន្ន របស់ប្រទេសវ៉េណេស៊ុយអេឡា គឺលោកស្រី Delcy Rodriguez ក៏បាន យល់ព្រមលក់មាស រូបវន្តដែលមានតម្លៃប្រហែល ១០០ លានដុល្លារទៅឱ្យ សហរដ្ឋអាមេរិកផងដែរ ដោយប្រាក់ចំណូលត្រូវបានគ្រប់គ្រង ដោយទីក្រុងវ៉ាស៊ីនតោន៕
ប្រែសម្រួលៈ ណៃ តុលា

To Top