ព័ត៌មានអន្តរជាតិ

ឡាវអនុម័តគម្រោងផ្លូវដែក ទៅកាន់វៀតណាម ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដកឋានៈជាប្រទេស គ្មានសមុទ្រ

បរទេស៖ គម្រោងផ្លូវដែកដែលតភ្ជាប់ពី ខេត្តខាំមួន ប្រទេសឡាវ និង ច្រកព្រំដែន Mu Gia ក្នុងខេត្តក្វាងទ្រី ប្រទេសវៀតណាម ក្រោមគំរូសាងសង់-ដំណើរការ-ផ្ទេរ (BOT) បានទទួលការយល់ព្រម ជាគោលការណ៍ពីរដ្ឋសភាឡាវ (NA) នៅក្នុងសម័យប្រជុំ បើកសម័យប្រជុំនីតិកាលទី១០ របស់ខ្លួន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ថា គម្រោងនេះត្រូវបានគេមើលឃើញថា ជាជំហានយុទ្ធសាស្ត្រមួយ ដើម្បីជួយផ្លាស់ប្តូរប្រទេសឡាវពីប្រទេសដែលគ្មានសមុទ្រ ទៅជាប្រទេសមួយដែលមានការតភ្ជាប់កាន់ តែប្រសើរឡើងទៅនឹងទីផ្សារក្នុងតំបន់ និងពិភពលោកតាមរយៈច្រករបៀងសេដ្ឋកិច្ចបូព៌ា-ខាងលិច។

នៅក្នុងសម័យប្រជុំ ដែលបានបញ្ចប់នៅថ្ងៃទី២៧ ខែមីនា សមាជិកសភាឡាវ ក៏បានអនុម័តផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមជាតិរយៈពេលប្រាំឆ្នាំលើកទី១០ សម្រាប់ឆ្នាំ២០២៦-២០៣០ និងបានអនុម័តរចនាសម្ព័ន្ធអង្គការរបស់រដ្ឋសភា រដ្ឋាភិបាល និងស្ថាប័នរដ្ឋសំខាន់ៗ ។

រដ្ឋសភា បានគាំទ្រកម្មវិធីនីតិបញ្ញត្តិ សម្រាប់ឆ្នាំ២០២៦-២០៣០ រួមទាំងការរៀបចំច្បាប់ថ្មីចំនួន១៩ និងវិសោធនកម្មច្បាប់ចំនួន៧២ផ្សេងទៀត នៅទូទាំងវិស័យសំខាន់ៗដូចជា រដ្ឋបាល យុត្តិធម៌ សេដ្ឋកិច្ច វប្បធម៌-សង្គម និងសន្តិសុខការពារជាតិ។

ផែនការការងាររយៈពេលប្រាំឆ្នាំរបស់ស្ថាប័នរដ្ឋសំខាន់ៗ រួមមានរដ្ឋសភា តុលាការប្រជាជនកំពូល ស្ថាប័នអយ្យការប្រជាជនកំពូល អាជ្ញាធរត្រួតពិនិត្យរដ្ឋ និងអង្គការសវនកម្មរដ្ឋ ក៏ត្រូវបានអនុម័តផងដែរ៕

To Top