រុស្ស៊ីព្រមានថា ការងាកទៅរកណាតូ របស់កូរ៉េខាងត្បូង អាចប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី
មូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បានព្រមាននៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន TASS ឧ្យដឹងថា ការផ្លាស់ប្តូររបស់ទីក្រុងសេអ៊ូល ឆ្ពោះទៅរកណាតូអាចធ្វើឱ្យ ខូចទំនាក់ទំនងយ៉ាងធ្ងន់ធ្ងរ ជាមួយទីក្រុងមូស្គូ។
លោក Rudenko បានឧ្យដឹងថា ទីក្រុងមូស្គូ មើលឃើញពីការរួបរួមគ្នាកាន់តែខ្លាំងឡើងរបស់កូរ៉េខាងត្បូង ជាមួយណាតូដោយក្តីបារម្ភ ដោយលើកឡើងពីការសម្របសម្រួល ការបំពាក់អាវុធឡើងវិញ សម្រាប់រដ្ឋណាតូក្នុងការផ្គត់ផ្គង់អាវុធដល់ទីក្រុងគៀវ។
លោកបានលេីកឡេីងថា “យើងតែងតែបង្ហាញដល់ភាគីកូរ៉េខាងត្បូង តាមរយៈបណ្តាញផ្សេងៗអំពីជំហរគោលការណ៍របស់រុស្ស៊ី លើភាពមិនអាចទទួលយកបាននៃការចូលរួមរបស់ខ្លួន ក្នុងការផ្ទេរអាវុធប្រល័យលោកដោយផ្ទាល់ ឬដោយប្រយោលទៅរបបទីក្រុងគៀវ បើមិនដូច្នោះទេ ទំនាក់ទំនងទ្វេភាគី អាចរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយយើងនឹងត្រូវបង្ខំចិត្តចាត់វិធានការសងសឹក”។
លោក Rudenko បានបន្ដថា “ទោះបីជាមានការធ្លាក់ចុះ គួរឱ្យកត់សម្គាល់នៃការសន្ទនានយោបាយ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងរុស្ស៊ី និងកូរ៉េខាងត្បូងដោយសារតែសកម្មភាពមិនរាក់ទាក់ របស់អាជ្ញាធរមុនៗនៃប្រទេសនោះក៏ដោយ យើងបានគ្រប់គ្រង ដើម្បីរក្សាទំនាក់ទំនងរបស់យើង ពីការដួលរលំទាំងស្រុង”។
ដោយកត់សម្គាល់ពីភាពទន់ភ្លន់ គួរឱ្យកត់សម្គាល់ នៃវោហាសាស្ត្ររបស់រដ្ឋបាលកូរ៉េខាងត្បូងបច្ចុប្បន្ន ចំពោះប្រទេសរុស្ស៊ី លោកបាននិយាយថា សេចក្តីប្រកាសអំពីចេតនាល្អរបស់ទីក្រុងសេអ៊ូល មិនទាន់ត្រូវបានផ្គូផ្គងដោយជំហានជាក់ស្តែង ដើម្បីធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចមានលក្ខណៈធម្មតានៅឡើយទេ៕
