ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនភីង អញ្ជើញលោកស្រី Zheng Liwen ប្រធានបក្សកុកម៉េងតាំងចិន បំពេញទស្សនកិច្ចនៅតំបន់ដីគោកប្រទេសចិន

លោក ស៊ី ជីនភីង អគ្គលេខាធិការនៃមជ្ឈិមបក្សកុម្មុយនីស្តចិនស្វាគមន៍និងអញ្ជើញលោកស្រី Zheng Liwen ប្រធានបក្សកុកម៉េងតាំងចិន បំពេញទស្សនកិច្ចនៅតំបន់ដីគោកប្រទេសចិន។

នៅថ្ងៃទី៣០ ខែមីនា លោក Song Tao ប្រធានការិយាល័យកិច្ចការតៃវ៉ាន់នៃមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងថា បន្ទាប់ពីចូលកាន់តំណែង មក លោកស្រី Zheng Liwen បានបង្ហាញឆន្ទៈជាច្រើនដងស្តីពីការបំពេញទស្សនកិច្ចនៅតំបន់ដីគោកប្រទេសចិន។ ក្នុងគោលបំណងជំរុញការអភិវឌ្ឍនៃទំនាក់ទំនងរវាងបក្សកុម្មុយនីស្តចិននិងបក្សកុកម៉េងតាំងចិន ក៏ដូចជាទំនាក់ទំនងរវាងតំបន់ដីគោកនិងកោះតៃវ៉ាន់ លោក Song Tao បានប្រកាសថា លោក ស៊ី ជីនភីង អគ្គលេខាធិការនៃមជ្ឈិមបក្សកុម្មុយនីស្តចិនស្វាគមន៍និងអញ្ជើញលោកស្រី Zheng Liwen ប្រធានបក្សកុកម៉េងតាំងចិនដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅខេត្តជាំងស៊ូ ក្រុងសៀងហៃនិងក្រុងប៉េកាំងនៃប្រទេសចិនចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមេសា។

ជាការឆ្លើយតប ការិយាល័យបក្សកុកម៉េងតាំងចិនបានលើកឡើងនៅថ្ងៃទី៣០ខែមីនាថា លោកស្រី Zheng Liwen ប្រធានបក្សកុកម៉េងតាំងចិនសូមថ្លែងអំណរគុណនិងទទួលយកការអញ្ជើញដោយក្តីសោមនស្សរីករាយ ចំពោះការអញ្ជើញរបស់លោក ស៊ី ជីនភីង អគ្គលេខាធិការនៃមជ្ឈិមបក្សកុម្មុយនីស្តចិន។ សង្ឃឹមថា គណបក្សទាំងពីរនឹងធ្វើកិច្ច ខិតខំប្រឹងប្រែងរួមគ្នា ក្នុងការជំរុញឱ្យទំនាក់ទំនងរវាងតំបន់ដីគោកនិងកោះតៃវ៉ាន់អភិឌ្ឍដោយសន្តិភាព ជំរុញការផ្លាស់ប្តូរនិងការកិច្ចសហប្រតិបត្តិការ ដើម្បីស្វែករកសន្តិភាពសម្រាប់ច្រកសមុទ្រតៃវ៉ាន់ និងនាំមកនូវផលប្រយោជន៍សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន៕

To Top