ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក Trump នឹងផ្តល់ប្រាក់កម្ចី ១០០ លានដុល្លារដល់ក្រុមហ៊ុន Africell ដើម្បីទប់ស្កាត់ឥទ្ធិពល Huawei របស់ចិន នៅអាហ្វ្រិក

បរទេស៖ រដ្ឋបាលរបស់លោក Trump នឹងផ្តល់ប្រាក់កម្ចីជិត ១០០ លានដុល្លារដល់ក្រុមហ៊ុន Africell ដែលជាក្រុមហ៊ុនទូរគមនាគមន៍តែមួយគត់នៅអាហ្វ្រិកដែលមានម្ចាស់ជាជនជាតិអាមេរិក ខណៈដែលព្យាយាមទប់ស្កាត់ការពង្រីកខ្លួនរបស់ក្រុមហ៊ុន Huawei របស់ចិននៅក្នុងទ្វីបអាហ្វ្រិក។ នេះបើយោងតាមប្រភពព័ត៌មានដែលដឹងពីបញ្ហានេះ និងសេចក្តីព្រាងសេចក្តីថ្លែងការណ៍ព័ត៌មានដែលទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានពិនិត្យមើល។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ថា យោងតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃសុក្រនេះ ប្រាក់កម្ចីពីធនាគារ Export-Import Bank (EXIM) ទៅកាន់ក្រុមហ៊ុន Africell នឹង «អនុញ្ញាតឱ្យ Africell វិនិយោគលើបច្ចេកវិទ្យាបណ្តាញទូរស័ព្ទចុងក្រោយបំផុតពីក្រុមហ៊ុនផ្គត់ផ្គង់របស់អាមេរិក និងសម្ព័ន្ធមិត្ត»។

លោក Ziad Dalloul នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Africell Holding Limited បានមានប្រសាសន៍នៅក្នុងឯកសារនោះថា៖ «យើងមានសេចក្តីរីករាយដែលបានសហការជាមួយ EXIM ដើម្បីនាំយកហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងដែលមានសុវត្ថិភាព និងអាចទុកចិត្តបានបន្ថែមទៀត មកកាន់ទីផ្សារដែលយើងកំពុងប្រតិបត្តិការ»។

ប្រាក់កម្ចីនេះ ដែលមិនធ្លាប់ត្រូវបានរាយការណ៍ពីមុនមក គឺជាផ្នែកមួយនៃយុទ្ធនាការរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការជំរុញការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ដែលមិនមែនជារបស់ក្រុមហ៊ុន Huawei នៅឯបរទេស។

រដ្ឋបាលរបស់ប្រធានាធិបតី Donald Trump បានចាប់ផ្តើមគំនិតផ្តួចផ្តើម «បណ្តាញស្អាត» (Clean Network) ក្នុងអាណត្តិទីមួយរបស់លោក ដើម្បីលុបបំបាត់បច្ចេកវិទ្យា កម្មវិធី (apps) និងក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍របស់ចិន ចេញពីហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត ហើយបានបន្តកិច្ចខិតខំប្រឹងប្រែងស្រដៀងគ្នានេះនៅក្នុងអាណត្តិទីពីររបស់លោក។

ប្រែសម្រួលៈ ណៃ តុលា

To Top