ព័ត៌មានជាតិ

អ្នកនាំពាក្យព្រឹទ្ធសភា ៖ ការងារព្រឹទ្ធសភា មានភាពល្អប្រសើរ តែទទួលពាក្យបណ្តឹង១៦

ភ្នំពេញ ៖ អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុនហេង បានអះអាងថា សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ នៃនីតិកាលទី៤ មានភាពល្អប្រសើរ ប៉ុន្តែទទួលបានបណ្តឹង ១៦បណ្តឹង ។

ចំពោះសកម្មភាពនេះ ព្រឹទ្ធសភាបានប្រកាសគាំទ្រ ចំពោះការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ នាពេលកន្លងមក និងយុទ្ធសាស្រ្តបន្តបន្ទាប់ នៅពេលខាងមុខ។

ក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា ដើម្បីស្តាប់របាយការណ៍ គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាព ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ លោក ម៉ម ប៊ុននាង ក្នុងរយៈពេលបីខែនេះ ព្រឹទ្ធសភាបានប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ចំនួន៤លើក និងប្រជុំវិសាមញ្ញចំនួន២លើក ដោយពិនិត្យ និងឲ្យយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៥ច្បាប់។

ជាមួយគ្នានេះប្រជុំផ្ទៃក្នុងគណៈកម្មការចំនួន១០លើក ចុះបេសកកម្មក្នុងប្រទេសចំនួន១០លើក បំពេញបេសកកម្មក្រៅប្រទេស ចំនួន៦លើក ចូលរួមសិក្ខាសាលា វេទិកា និងកិច្ចប្រជុំនានាចំនួន១៧៦លើក និងចូលរួមពិធីផ្លូវការផ្សេងៗចំនួន ៣៥០លើក ព្រមទាំងចុះមូលដ្ឋាន ដោយឡែករៀងៗខ្លួនចំនួន១៩១លើក ។ ក្នុងនោះព្រឹទ្ធសភាបានទទួលពាក្យបណ្តឹង ចំនួន១៦ករណី ។

លោកបញ្ជាក់ថា ជារួមព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលរាជរដ្ឋាភិបាល ខិតខំសម្រេចបាន ដោយសកម្មក្នុងស្មារតីស្របតាម យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ជាមួយចំណុចវិជ្ជមាន ។ ព្រឹទ្ធសភាគាំទ្រ និងលើកទឹកចិត្តដោះស្រាយបញ្ហា ដែលនៅសេសសល់ ដើម្បីពន្លឿនសន្ទុះសេដ្ឋកិច្ច ក្នុងសង្គម៕ ដោយ ស សំណាង



To Top