ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ចំពោះការផ្សព្វផ្សាយព័ត៌មានថា មានរោងចក្របិទទ្វារ ជាបន្តបន្ទាប់ ដោយសារបញ្ហា EBA គឺជាការបំភិតបំភ័យកម្មករ និយោជិតឲ្យយល់ច្រឡំតែប៉ុណ្ណោះ។
លោកថា ការពិតមិនអីចឹងឡើយ ការពិតបិទនោះដោយសារផុតកុងត្រា។
លោក សុខ ឥសាន បញ្ជាក់នៅព្រឹកថ្ងៃ២៧ តុលាថា “ការបេីរោងចក្រថ្មី មានជាបន្ត បន្ទាប់ឯការបិទមួយចំនួនតូចក៏មានដែរ ។ តែការផ្សាយថារោងចក្របិទដោយសារ EBA គឺជាការបំភិតបំភ័យកម្មករ និយោជិតឲ្យយល់ច្រឡំ ” ។
បើតាមការផ្សាយ របស់កាសែតកោះសន្តិភាពរោងចក្រ ផលិតកង់ប្រេនធំមួយឈ្មោះ Asia Leader International (Cambodia) គ្រោងនឹងបិទទ្វារនៅ ខែវិច្ឆិកាខាងមុខ ដោយ អះអាងថា ចប់កុងត្រា និងកំពុងបង្កឲ្យកម្មករនិយោជិតជាង២០០នាក់ ព្រួយបារម្មណ៍អំពីការ អស់ការងារធ្វើ ខណៈក្រុមហ៊ុនផលិតកង់ធំៗបំផុតរបស់ សហភាពអឺរ៉ុប ព្រមានពីការរើរោងចក្រផលិតចេញពីកម្ពុជា ត្រឹមឆ្នាំ២០២០ ទៅកាន់ វៀតណាម ភូមា និងបង់ក្លាដេស បើសិនកម្ពុជា បាត់បង់ប្រព័ន្ធអនុគ្រោះ ពន្ធលើគ្រប់ មុខទំនិញ លើកលែងសព្វាវុធ (Everything But Arms-EBA) ៕