ភ្នំពេញ៖ ក្រោយការបាត់ខ្លួនសមត្ថកិច្ចចម្រុះ បានបើកប្រតិបត្តិការតាមស្វែងរក នារីជនជាតិអង់គ្លេស បាត់ខ្លួននៅកោះរ៉ុងសន្លឹម ក្រុងកោះរុង ក្រោមការដឹកនាំបញ្ជា ផ្ទាល់របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ ។
នេះបើយោងតាមរបស់រដ្ឋបាលខេត្ត។
ចំពោះមុខលោក គួច ចំរើន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកំលាំងគ្រប់ផ្នែកតាមរកនៅតាមទីតាំងផ្សេងៗ តាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ ឆ្នេរថ្ម នៅតាមកន្លែង ស្នាក់នៅនានានៅលើកោះរ៉ុង និងកន្លែងដែលនារីនោះបានទៅលេងរួមទាំងក្រុមមុជទឹក(diving)ផង ធ្វើយ៉ាងណារកអោយអស់លទ្ធភាព។
សូមបញ្ជាក់ថា នារីដែលបាត់ខ្លួន មានឈ្មោះ BAMBRIDGE AMELIA LOUISE ភេទស្រី កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៣១៨៩០៨៣៣បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅក្រុងកោះរ៉ុង នៅម៉ោង៥ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់កោះរ៉ុងនៅម៉ោង៦ល្ងាច។
នាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨:១៥នាទីយប់ ថ្ងៃខែឆ្នាំដដែលក្នុងគោលបំណង ទេសចរណ៍។
មុនបាត់ខ្លួនគេបានប្រទះឃើញនារីនោះលើកចុងក្រោយនៅម៉ោង៣:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយនៅឆ្នេរកោះរ៉ុង(Police Beach) ក្រោយមកក៏បាត់ដំណឹងតែម្តង។
ក្នុងសមត្ថកិច្ចមូលដ្ឋានបានរកឃើញកាបូប និងសម្ភារៈមួយចំនួនរបស់នាងនៅលើផ្ទាំងថ្មជាប់ឆ្នេរក្បែរកន្លែងធ្វើពិធីជប់លៀងនោះផងដែរ។
ករណីនេះ អាជ្ញាធរក្រុងកោះរ៉ុង បានព្យាយាមស្វែងរកនារី រងគ្រោះក្រោយទទួល ដំណឹងភ្លាមៗ ពីការបាត់ខ្លួននេះ៕








