ព័ត៌មានជាតិ

ក្រសួងធនធានទឹក បញ្ជាក់ ពីកូនព្យុះទី២២ ឈ្មោះ ម៉ាត់ម៉ូ ដែលធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់

ភ្នំពេញ ៖ បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានលើស្ថានភាព អាកាសធាតុ ជាប្រចាំទាំងក្នុងតំបន់ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា សម្ពាធទាបសកម្ម (Active Low Pressure) មួយបាននិងកំពុងធ្វើដំណើរចូលមកដល់សមុទ្រចិនខាងត្បូង ដូច្នេះ តាមការព្យាករសម្ពាធទាបសកម្មនេះ នឹងវិវត្តខ្លួនជាលំដាប់ទៅជាកូនព្យុះ (Tropical Storm) ទី២២ ដែលអាចមានឈ្មោះថា ម៉ាត់ម៉ូ (MATMO) ។

យោងតាមសេចក្ដី ជូនដំណឹងរបស់ ក្រសួងធនធានទឹក នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា “នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៩ កូនព្យុះនេះ នឹងធ្វើដំណើរ ទៅដល់ភាគខាងត្បូងវៀតណាម ហើយនឹងបន្ថយឥទ្ធិពល របស់វាទៅជាសម្ពាធទាបសកម្ម (Active Low) វិញ នៅពេលធ្វើដំណើរកាត់លើភាគ ខាងត្បូងកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៩” ។

យោងតាមការព្យាករ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ មានស្ថានភាព ដូចជា ៖ទី១- បណ្តារាជធានី ខេត្ត នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ ក្នុងនោះតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណ ពីបង្គរទៅច្រើន និងទី២- បណ្ដាខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅ ក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គួរ ៕

To Top