ភ្នំពេញ ៖ ក្នុងឱកាសបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីហុងគ្រីលោក យ៉ាណូស អាឌ័រ (Janos Ader) សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបជាមួយគ្នា លើកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យជាច្រើន រួមទាំងបញ្ហាតំបន់ និងអន្តរជាតិ ។ នេះបើតាមហ្វេសប៊ុករបស់សម្តេចតេជោ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ។
ប្រធានាធិបតីហុងគ្រី និងភរិយា បានអញ្ជើញមកដល់កម្ពុជានៅយប់ថ្ងៃអាទិត្យនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់៣០ ខែតុលា ឆ្នាំ២០១៩។
ការអញ្ជើញបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីហុងគ្រី តាមការអញ្ជើញព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។
អំឡុងពេលទស្សនកិច្ចនេះដែរ លោកប្រធានាធិបតីចូលគាល់ព្រះមហាក្សត្រក្នុងព្រះបរមរាជវាំង បន្ទាប់ពីនោះ នឹងទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា៕