ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន ប្រាប់កងកម្លាំងការពារសន្តិភាព ព្រោះជាគ្រឹះដ៏សំខាន់សម្រាប់ ការអភិវឌ្ឍន៍ជាតិ

ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអនឧបនាយករដ្ឋ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភាព និងអធិការកិច្ចបានថ្លែងថា សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយសន្តិភាពគឺជាគ្រឹះដ៏សំខាន់ សម្រាប់អភិវឌ្ឍន៍ជាតិ ដូច្នេះត្រូវរួមគ្នា ការពារសន្តិភាពនេះឲ្យរឹងមាំ ។

ការថ្លែងលើកឡើងបែបនេះ នៅគ្រាដែលលោកជំទាវកិត្តិសង្គហបណ្ឌិតមែន សំអនអញ្ជើញចូលរួម នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅទីបញ្ជាការវរសេនាតូចលេខ២ ការពារព្រំដែននៅស្រុកស្វាយទាប ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧៩។ ពិធីនេះមានការចូលពីលោកនាយឧត្តម ចៅ ភិរុណ អគ្គនាយកនៃអគ្គនាកដ្ឋានសម្ភារៈ បច្ចេកទេសក្រសួងការពារជាតិ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ ប្រជាពលរដ្ឋជិត៥០០នាក់។

លោកស្រីបន្តថា តាមរយៈនយោបាយឈ្នះ-ឈ្នះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅដើមឆ្នាំ ១៩៩៩ បាន អនុវត្តដោយជោគជ័យ នូវដំណើរការសមាហរណកម្ម អតីតតំបន់ត្រួតត្រាដោយខ្មែរក្រហម ចូលក្នុងសង្គមជាតិ និងធ្វើសន្តិភាវូបនីយកម្ម ប្រទេសជាតិទាំងមូល លើមូលដ្ឋានបង្រួបបង្រួមជាតិ ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង ។

លោកស្រីបានថ្លែងណែនាំ ដល់វរសេនាតូចលេខ២ ការពារព្រំដែន ខេត្តស្វាយរៀង ក៏ដូចជាកងកម្លាំងប្រដាប់ អាវុធយើងទាំងមូល មានភារកិច្ចធំៗជាចំបងគឺការពារ និងធានាសន្តិសុខ ស្ថិរភាពនយោបាយរបស់ជាតិ ដែលជា កត្តាចាំបាច់សម្រាប់ទ្រទ្រង់ ការអភិវឌ្ឍន៍ប្រទេសជាតិ។ លើសពីនេះទៅទៀត កងកម្លាំងប្រដាប់អាវុធទាំងអស់ ទោះជាពេលមានសង្គ្រាមក្តី សន្តិភាពក្តី ក៏មានតួនាទី រួមសុខរួមទុក្ខជាមួយប្រជាជន និងជួយទំនុកបម្រុងប្រជាជន ជាពិសេស នៅពេលពួកគាត់ជួបការលំបាកដូចជា ពេលមានគ្រោះរាំងស្ងួត ទឹកជំនន់ និងគ្រោះមហន្តរាយ ធម្មជាតិ ផ្សេងៗទៀត កងកម្លាំងប្រដាប់អាវុធ តែងតែឈានមុខ ជួយសម្រាលនូវទុក្ខលំបាក គ្រប់បែបយ៉ាងរបស់ប្រជាជន។

លោកស្រី ម៉ែន សំអន ថ្លែងប្រាប់ពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ សូមតម្កល់ផលប្រយោជន៍ជាតិជាធំ ត្រូវដើរតាមមាគ៌ារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខការពារឱ្យខាងតែបាន នូវសន្តិភាព ស្ថិរភាព និងសុភមង្គលរបស់ប្រជាជន ប្រឆាំងដាច់ខាតនូវអំពើក្បត់ជាតិ និងកលល្បិច របស់ក្រុមក្បត់ជាតិ ដែលដឹកនាំដោយ សម រង្ស៊ី៕

To Top