ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី២៨ តុលានេះ បានសព្វព្រះរាជហឫទ័យប្រោសព្រះបរមរាជានុញ្ញាតជូន លោក យ៉ាណូស អាឌ័រ (János Áder) ប្រធានាធិបតី នៃប្រទេសហុងគ្រី និងលោកស្រី ដឹកនាំគណៈប្រតិភូអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះរាជសវនាការ នាព្រះបរមរាជវាំង ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៥ តុលាបានឲ្យដឹងថា ការអញ្ជេីញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីហុងគ្រី នៅកម្ពុជានាពេលនេះ គឺតបតាមការអញ្ជើញ របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
បន្ទាប់ពីចូលគ្រាបបង្គំគាល់ព្រះមហាក្សត្រ លោកប្រធានាធិបតី នឹងទទួលការចូល ជួបសម្ដែងការគួរ សម ដាច់ដោយឡែកពីគ្នា ជាមួយសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
លោកប្រធានាធិបតី នឹងមានជំនួបពិភាក្សាការងារ ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ដែលនៅក្នុងជំនួបនោះ កិច្ច សហប្រតិបត្តិការទ្វេភាគី លើវិស័យជាច្រើន រួមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម នឹងត្រូវ បានលើកយកមក ពិភាក្សា។
ក្រៅពីនេះលោកប្រធានាធិបតី និងភរិយា នឹងអញ្ជើញ ទៅ ទស្សនាប្រាសាទនានានៅក្នុង ឧទ្យានអង្គរ និងកន្លែងសំខាន់ៗមួយចំនួន នៅក្នុងខេត្តសៀមរាប។
ទស្សនកិច្ចលើកដំបូងមក កាន់កម្ពុជា របស់លោកប្រធានាធិបតី នឹងក្លាយជាព្រឹត្តិការណ៍ ដ៏សំខាន់មួយ ក្នុង ទំនាក់ទំនងទ្វេភាគីកម្ពុជា-ហុងគ្រី ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់ការ ពង្រឹងបន្ថែម ទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ក៏ដូចជាបង្កើនវិសាលភាព និងជម្រៅនៃ កិច្ច សហប្រតិបត្តិការ រវាងប្រទេសទាំងពីរ៕