ព័ត៌មានជាតិ

លោក ព្រាប កុល ស្នើថ្នាក់ដឹកនាំ និងរដ្ឋមន្រ្តីសុខាភិបាល ធ្វើជាគំរូព្យាបាលជំងឺ នៅពេទ្យក្នុងស្រុក

ភ្នំពេញ ៖ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានស្នើឲ្យថ្នាក់ដឹកនាំកម្ពុជា ព្រមទាំងរដ្ឋមន្រ្តីក្រសួងសុខាភិបាល នាំក្រុមគ្រួសារមកព្យាបាលជំងឺងផ្សេងៗ នៅមន្ទីរនានានៅកម្ពុជា ដើម្បីធ្វើជាគំរូដល់ពលរដ្ឋខ្មែរ កុំឲ្យចេញទៅព្យាបាលនៅក្រៅប្រទេស ។

លោក ព្រាប កុល បានលើកឡើងក្នុងហ្វេសប៊ុក នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ថា “តើឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ព្រមទាំងក្រុមគ្រួសារអាចធ្វើជាគំរូ ដោយនាំគ្នាសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅកម្ពុជា ហើយឈប់ទៅព្យាបាល ឬពិនិត្យសុខភាពនៅក្រៅប្រទេស បានដែរឬទេ? បើអាចធ្វើបាននោះ ពលរដ្ឋប្រាកដជាធ្វើតាមពុំខានឡើយ” ។

ការស្នើរបស់លោកព្រាប កុល នេះ បន្ទាប់ពីលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសចុះពិនិត្យអគារនៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃ២៨ តុលា បានអំពាវនាវ ក៏ដូចជាលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរ ងាកមករកសេវាថែទាំសុខភាពក្នុងស្រុកវិញ ព្រោះបច្ចុប្បន្នទាំងមន្ទីរពេទ្យរដ្ឋ និងឯកជននានា មានគុណភាព សំភារៈទំនើប និងគ្រូពេទ្យមានឯកទេសជំនាញមិនចាញ់ មន្ទីរពេទ្យនៅក្រៅប្រទេសឡើយ ៕

To Top