ភ្នំពេញ ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករ ចំនួន៣៩៨ ៥៨៦តោន មានការកើនឡើងចំនួន ៩៣២២តោន បើប្រៀបធៀបទៅនឹងការនាំចេញ៩ខែ ឆ្នាំ២០១៨ ខណៈចិនជាប់លំដាប់ថ្នាក់ទី១ ។
យោងតាមរបាយការណ៍ របស់ក្រសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា ការនាំចេញទៅកាន់ទិសដៅចំនួន ៥៣ប្រទេស ក្នុងនោះ ប្រទេសចិនលំដាប់ទី១ (១៥៧៧៩៣តោន) , បារាំងលំដាប់ទី២ (៥៣៧២៣តោន) , ហ្គាបុងលំដាប់ទី៣ (២១៦៨២តោន) , ម៉ាឡេស៊ីលំដាប់ទី៤ (២០៥៩៩តោន) , ប្រ៊ុយណេលំដាប់ទី៥ (១៦១២៧តោន) , ដឺឡែនលំដាប់ទី៦ (១៤៧២៥តោន) , អូស្ដ្រាលីលំដាប់ទី៧ (១៤៥២៩តោន) , អេស្ប៉ាញលំដាប់ទី៨ (១០០៨៩តោន) ,អង់គ្លេសលំដាប់ទី៩ (៩៥៧៩តោន) និងវៀតណាមលំដាប់ទី១០ (៨៦០៥តោន) ។
ជាមួយគ្នានេះដែរ បច្ចុប្បន្នមានក្រុមហ៊ុន នាំចេញអង្ករចំនួន ៧៩ក្រុមហ៊ុន។
បន្ថែមពីនេះ របាយការណ៍បញ្ជាក់ថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៩ ការងារបង្កបង្កើនផលស្រូវរដូវវស្សានៅទូទាំងប្រទេសសម្រេចបានចំនួន ២៦២៦៤៦០ ហិចតា ស្មើនឹង១០១,៥៦ភាគរយ នៃផែនការ ២៥៨៦១៥២ហិចតា។
ប្រភពដដែលបន្ថែមថា គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ តាមការវាយតម្លៃដំណាំស្រូវខូចខាតសរុបចំនួន ៥៦៥៣៦ហិចតា ស្មើនឹង១៥,២០ភាគរយ នៃផ្ទៃដីផលប៉ះពាល់ចំនួន ៣៧១៩៥៧ហិចតា ឬស្មើនឹង២,១៥ភាគរយ នៃផ្ទៃដីដំណាំស្រូវអនុវត្តបានទូទាំងប្រទេស។ ផ្ទៃដីដំណាំស្រូវដែលបានស្ដារឡើងវិញសរុបចំនួន ១៧១៨៩ហិចតា ស្មើនឹង២៤,២៦ភាគរយ នៃផ្ទៃដីខូចខាត ៕
ដោយ ៖ អេង ប៊ូឆេង