ព័ត៌មានជាតិ

បក្សកាន់អំណាច ៖ កម្ពុជា ជំពាក់បំណុល បរទេសមិនដល់ ១០ពាន់លានដុល្លារ មិនស្មើបំណុល របស់ប្រទេសមួយចំនួន ក្នុងពិភពលោក

ភ្នំពេញ ៖ ក្រោយពីមានក្តីព្រួយបារម្ភ របស់សាធារណជនមួយចំនួន ចំពោះបំណុលរបស់កម្ពុជា ទៅដល់កូនចៅជំនាន់ក្រោយ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានលើកបង្ហាញថា បំណុលក្រោម ១០ពាន់លានដុល្លារនេះ មិនស្មើនឹងបំណុល របស់ប្រទេសមួយចំនួនក្នុងពិភពលោក ដែលមានការជំពាក់ច្រើនជាងកម្ពុជាឆ្ងាយ ។

លោក សុខ ឥសាន បញ្ជាក់ក្នុងតេឡេក្រាម នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ថា “បំណុលអន្តរជាតិរបស់កម្ពុជាត្រឹមក្រោម១០ពាន់លានដុល្លារ មានប្រមាណជា០%នៃផលទុនជាតិ ដោយមិនបានស្មើនឹងបណ្តាប្រទេសមួយចំនួន នៅលើពិភពលោកផង ដែលជំពាក់បំណុល បរទេសរហូតដល់ជិត ឬជាង១០០% នៃផលទុនជាតិ” ។

លោកបន្តថា ចំពោះការរៀបចំគម្រោង ចំណាយថវិកាជាតិ រាជរដ្ឋាភិបាលបានគិតគូច្បាស់លាស់ ទៅតាមសំណូមពរត្រូវការសមត្ថភាពសេដ្ឋកិច្ចជាតិ សេចក្តីត្រូវការ ក្នុងការចំណាយស្របតាមអាទិភាព នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល មិនមែនយកតាមការចង់បាន របស់គណបក្សណាមួយឡើយ ។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០១៩ សន្និធិបំណុលសាធារណៈក្រៅប្រទេសដែលកម្ពុជាជំពាក់ មាន៧,២៦៤លានដុល្លារ ។ ក្នុងនោះ ជំពាក់ចិន ៤៨ភាគរយ , ជប៉ុន៥,៤ភាគរយ , សាធារណៈរដ្ឋកូរ៉េ ៤,៩ភាគរយ , បំណុលទ្វេភាគី៤,២ភាគរយ , ពហុភាគី២៨,២ភាគរយ និងបំណុលចាស់ដែលកំពុងដោះស្រាយ៨,៥ភាគរយ។

បំណុលកម្ពុជាជំពាក់ បរទេសជាង៧ពាន់លានដុល្លារ មានប្រមាណ២៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ៕

To Top