ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានស្នើទៅដល់ប្រព័ន្ធ ផ្សព្វផ្សាយ ត្រូវផ្សាយលិខិតអំពាវនាវ របស់គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីឲ្យពាណិជ្ជករ អាជីវករ សិប្បករ វិនិយោគិន និងសប្បុរសជនជាតិ -អន្តរជាតិ ជួយឧបត្ថម្ភដល់ក្រុមកីឡាករ អុំទូក ។
យោងតាមសេចក្ដី សេចក្ដីជូនដំណឹងរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជ្រាបថា នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ នឹងមានទូក និងកីឡាករ កីឡាការិនីទូកអុំ ទូកចែវជាច្រើន ចូលរួមប្រណាំង ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យប្រពៃណីជាតិ។
លិខិតបន្ដថា ក្នុងពិធី ព្រះរាជពិធីបុណ្យអុំទូក ក៏មានរៀបចំ ជារង្វាន់ដល់ក្រុមកីឡាករ កីឡាការិនីទូកអុំ ទូកចែវ ដើម្បីឲ្យកម្មវិធីនេះប្រព្រឹត្ត ទៅប្រកបដោយបរិយាកាស សប្បាយរីករាយថែមទៀត ។
លោកថា“ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្សព្វផ្សាយលិខិតអំពាវនាវ របស់គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ សូមឲ្យសម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ លោក លោកស្រី ព្រមទាំងពាណិជ្ជករ អាជីវករ សិប្បករ វិនិយោគិន និងសប្បុរសជនជាតិ-អន្តរជាតិ ជួយព្រះឧបត្ថម្ភ និងឧបត្ថម្ភជាថវិកា ឬគ្រឿងឧបភោគ បរិភោគ ឬសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីបានជូនជារង្វាន់លើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនីទូកអុំ ទូកចែវ របស់យើង” ។
ក្រសួងបន្ថែមថា គណៈកម្មាធិការជាតិ រៀបចំបុណ្យ ជាតិ-អន្តរជាតិ នឹងចាត់មន្ត្រីប្រចាំការត្រៀម ទទួលអំណោយឧបត្ថម្ភពីសប្បុរសជនជាតិ-អន្តរជាតិ គ្រប់ពេលម៉ោងធ្វើការ នៅអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ៕ ដោយ៖អេង ប៊ូឆេង