ព័ត៌មានជាតិ

លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អប់រំចិត្ត និងលើកទឹកចិត្ត ឱ្យក្មួយៗកុមារា កុមារី ចេះដឹងគុណ និងមានការគោរព ចំពោះមនុស្សចាស់

ភ្នំពេញ៖ ថ្លែងក្នុងពិធីអបអរសាទរ ទិវាមនុស្សចាស់ នៅអង្គការមូលនិធិកុមារកម្ពុជា (CCF) នៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ លោកស្រី ពេជ ចន្ទមុន្នី បានលើកថាមនុស្សចាស់ នៅក្នុងប្រទេសកម្ពុជា មានសំណាងជាងមនុស្សចាស់ រស់នៅក្នុងបណ្ដាប្រទេសផ្សេង ដែលមិនមានកូនចៅ មើលថែរក្សា។

លោកស្រី បានអប់រំចិត្ត និងលើកទឹកចិត្តឱ្យក្មួយៗកុមារាកុមារី ត្រូវចេះដឹងគុណ និងមានការគោរព ចំពោះមនុស្សចាស់ ដែលជាអ្នកមានគុណចំពោះយើង ព្រោះថា បើយើងមើលថែរក្សាមនុស្សចាស់ នៅពេលនេះ កូនចៅយើងនឹងមើលថែរក្សាយើងវិញ។

លោកស្រី បានថ្លែងអំណរគុណលោក ស្កុតនី សិន(Scott Neeson) ដែលបានលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីជួយដល់ក្មួយៗកុមារ និងប្រជាពលរដ្ឋ នៅក្នុងសហគមន៍ស្ទឹងមានជ័យ។ លោកស្រី និងលោកហ៊ុនម៉ាណែត ក៏មានអារម្មណ៍រីករាយ ដែលបានចូលរួម ជាមួយអង្គការមូលនិធិកុមារកម្ពុជា ក្នុងការផ្ដល់ថវិកាសម្ភារៈ គ្រឿងឧបភោគ និងការចុះព្យាបាលកុមារ នៅក្នុងអង្គការCCF។

លោក លោកស្កុត នីសិន(Scott Neeson) បានលើកឡើងថា យើងបង្កើតកម្មវិធីមនុស្សចាស់នេះឡើង ដើម្បីឆ្លើយតបទៅ និងបញ្ហារបស់មនុស្សចាស់ជរាក្រីក្រ និងគ្មានទីពឹង។ លើសពីនេះយើងយល់ឃើញ ថាមនុស្សចាស់ គឺពិតជាមានតម្លៃខ្លាំងណាស់ បីដូចជាបណ្ណាល័យមួយ ផ្តល់ចំណេះ ដឹងបទពិសោធន៍ វប្បធម៌ និងទំនៀមទម្លាប់ជាច្រើន ដែលមនុស្សជំនាន់ក្រោយ អាចទទួលយកបាន។ ជាក់ស្ដែងសព្វថ្ងៃ មានសិស្សានុសិស្ស របស់អង្គការមូលនិធិកុមារកម្ពុជាជាច្រើន បាននិងកំពុងទៅទទួលយកចំណេះដឹង បទពិសោធន៍ពីការរំលាយ តាមរយៈការសួរសុខទុក្ខជាប់ជាប្រចាំ និងកម្មវិធីផ្សេងៗ។

សូមបញ្ជាក់ថា លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) បានចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរទិវាមនុស្សចាស់ ក្រោមប្រធានបទ “គាំទ្រសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ ក្នុងការអនុវត្តប្រព័ន្ធគាំពារ សុខភាពមនុស្សគ្រប់វ័យ នៅក្នុងសង្គមជាតិកម្ពុជា” ជាមួយថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងលោកយាយ លោកតា អ៊ុំប្រុស អ៊ុំស្រី ដែលមានវ័យចំណាស់ នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា(CCF) នៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ប្រកបដោយបរិយាកាសស្និទ្ធស្នាល រីករាយក្រៃលែង៕

To Top