ព័ត៌មានជាតិ

អ្នកនាំពាក្យ អគ្គស្នងការនគបាលជាតិ ៖ ពង្រាយកំលាំងរួចហើយស្វាគមន៍ សម រង្ស៊ី ចូលស្រុក ខណៈសល់ជាង១០ថ្ងៃទៀត

ភ្នំពេញ ៖ ខណៈនៅសល់តែ ប្រមាណជា១០ថ្ងៃទៀតប៉ុណ្ណោះ ដំណើរមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី នឹងដល់ថ្ងៃកំណត់ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគបាលជាតិ បានអះអាងថា កងកម្លាំងសមត្ថកិច្ច ត្រូវបានដាក់ពង្រាយរួចហើយ ដើម្បីត្រៀមល្បាតស្វាគមន៍ លោកសម រង្ស៊ី និងជាពិសេសរក្សាសណ្តាប់ធ្នាប់ផងដែរ ។

លោក សម រង្ស៊ី បានងថា ការវិលមកស្រុកខ្មែរវិញ តាមការកំណត់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នឹងមានអ្នកគាំទ្រ ចូលរួមមកទទួលលោកច្រើន ជាងឆ្នាំ២០១៣ទៀត ព្រោះមកលើកនេះ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឲ្យដឹងនៅថ្ងៃ២៩ តុលា ថា ការដាក់កំលាំងសមត្ថកិច្ចមានពីរករណី គឺដើម្បីរក្សាសន្តិសុខសុវត្ថិភាពជាប្រចាំ និងត្រៀមការចូលរបស់លោក សម រង្ស៊ី ។

លោកបញ្ជាក់ថា «យើងដាក់កំលាំងសន្តិសុខ ផ្អែកលើសភាពការណ៍សកល និងដាក់ពាក់ព័ន្ធនឹងការវិលត្រឡប់ របស់លោក សម រង្ស៊ី ព្រោះថា ក្រុមនេះមានឧបាយកលច្រើន ។ អីចឹងទេ យើងត្រូងប្រុងប្រយ័ត្ន កុំមានការបង្កបញ្ហាអសន្តិសុខកើតមានឡើង» ។

ពាក់ព័ន្ធនឹងដាក់កំលាំង សមត្ថកិច្ចនេះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានឲ្យដឹងថា សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានទទួលដីកាពីតុលាការរួច ហើយក្នុងការនាំ សម រង្ស៊ី ទៅផ្តន្ទាទោស។ លោកបន្តថា ចំពោះការដាក់សមត្ថកិច្ច នៅព្រលានយន្តហោះ ដើម្បីធានារក្សាសណ្តាប់ធ្នាប់សារធារណៈ ឆ្លើយតបនឹងអំពើណាមួយ កើតឡើងជាយថាហេតុ។

លោកបញ្ជាក់ថា «ដាក់សមត្ថកិច្ចនេះ គឺជាកាតព្វកិច្ច ថែរក្សាសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងករណីដែលកើតឡើង ជាយថាហេតុណាមួយ» ។

ចំពោះការដាក់ពង្រាយសមត្ថកិច្ច នៅតាមព្រំដែនវិញ អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានអះអាងថា ដើម្បីត្រៀមទប់ស្កាត់ ឬចាប់ខ្លួនលោកសម រង្ស៊ី និងក្រុមលោក ៕ ដោយ៖ ស សំណាង

To Top