ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ឱកាសការងារជាង២ម៉ឺន កន្លែងកំពុងរង់ចាំយុវជន ដាក់ពាក្យចូលធ្វើការ ពីក្រុមហ៊ុនធំៗជាង១៥០ក្រុមហ៊ុន។
សម្តេចលើកឡើងក្នុងហ្វេសប៊ុក នាថ្ងៃ៣០ តុលា នេះថា ឱកាសការងារ សម្រាប់យុវជន នៅក្នុង«ពិព័រណ៍ការងារ និងផលិតភាពជាតិ ប្រចាំឆ្នាំ២០១៩» ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយនឹងរៀបចំ”ពិព័រណ៍ការងារ និង ផលិតភាពជាតិប្រចាំឆ្នាំ២០១៩” នៅមជ្ឍមណ្ឌលកោះពេជ្រ ។
សម្តេចបន្តថា “នេះជាឱកាសដ៏ល្អបំផុត សម្រាប់យុវជន ដែលកំពុងរកការងារធ្វើ ។ ឱកាសការងារល្អៗគ្រប់ប្រភេទជាង ២ ម៉ឺនកន្លែង ពីក្រុមហ៊ុនធំៗជាង ១៥០ កំពុងរងចាំយុវជន យុវនារី ក៏ដូចជានិស្សិតរបស់យើង នៅក្នុងពិព័រណ៍ការងារប្រចាំនេះ” ។
សម្តេចនាយករដ្ឋមន្រ្តីអះអាងថា នេះជាគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីស្តីពីមុខរបរ និងការងារក្នុងគោលដៅធ្វើឲ្យប្រសើរឡើងនូវដំណើរការទីផ្សារការងារ កាត់បន្ថយភាពមិនស៊ីគ្នារវាងតម្រូវការ និងការ , ផ្គត់ផ្គង់កម្លាំងពលកម្ម , បង្កើនប្រសិទ្ធភាពទីផ្សារការងារ , អប់រំបណ្តុះបណ្តាលជំនាញ ,និងការផ្តល់នូវព័ត៌មានទីផ្សារការងារ ដើម្បីទទួលបានការងារសមរម្យ , បង្កើនប្រាក់ចំណូលលើកកម្ពស់ជីវភាព និងឈានទៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕